(កណ្ដាល)៖ លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានព្រមាន និងប្រាប់ក្រុមហ៊ុនប្រកបអាជីវកម្មជីកដីទាំងអស់ ត្រូវគោរពតាមបទដ្ឋានច្បាប់ ឱ្យបានត្រឹមត្រូវពិសេសកុំធ្វើឱ្យ ប៉ះពាល់ប្រជាពលរដ្ឋជាដាច់ខាត។

ការព្រមានបែបនេះរបស់លោក ហេង ចាន់ធួន បានធ្វើឡើងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅគ្រាដែលលោកចុះទៅព្រមានក្រុមហ៊ុនធ្វើអាជីវកម្មជីកអាចម៌ដី និងបូមខ្សាច់ ឈ្មោះ អ័ង តាំងឡាយ ដែលមានទីតាំង នៅក្នុងភូមិព្រៃស្លែង ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ការចុះទៅព្រមាននេះ បន្ទាប់ពីប្រជាពលរដ្ឋបានប្ដឹងថា ក្រុមហ៊ុននេះ បាននិងកំពុងបង្កផលប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

លោក ហេង ចាន់ធួន បានប្រាប់ថា «ក្រុមហ៊ុនត្រូវគោរពទៅតាមអាជ្ញាបណ្ណ ជាពិសេសក្នុងការដឹកជញ្ជូនត្រូវតែគោរពទៅតាមមាត្រ០៣\១០ ស្តីអំពីច្បាប់ដឹកជញ្ជូនរ៉ែ ឱ្យបានត្រឹមត្រូវ ដូចជាមិនត្រូវដឹកលើសចំណុះ និងធ្វើការវេចខ្ចប់គ្របឱ្យបានត្រឹមត្រូវ ព្រមទាំងមិនត្រូវឱ្យមានការធ្លាក់ជ្រុះ និងស្រក់ទឹក ហូរហៀរ ពេញផ្លូវ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរនោះទេ ហើយត្រូវធ្វើការជួសជុលផ្លូវ និងស្រោចទឹកជាប្រចាំ ដើម្បកុំឱ្យហុយ ប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋ»។

ជាងនេះទៅទៀត លោកក៏បានណែនាំឲ្យបញ្ឈប់ការបិទស្ទាក់ទឹកមិនឱ្យប្រជាកសិករប្រើប្រាស់ និងបញ្ឈប់ការបង្ហូរទឹកសល់ពីការលាងខ្សាច់ចូលមកប្រឡាយសាធារណៈ ដែលនាំឱ្យគោករាក់ និងកសិករមិនអាចយកទឹកនោះទៅស្រោចស្រពដំណាំបាន ហើយត្រូវតែស្តារប្រឡាយឡើងវិញ ជូនប្រជាពលរដ្ឋ។ បើលើកក្រោយនៅតែរកឃើញថា នៅតែបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ នឹងមិនមានការលើកលែងឡើយ ហើយបើធ្ងន់ធ្ងរ អាចនឹងដកអាជ្ញាបណ្ណបិទអាជីវកម្មតែម្តង។

គួរជម្រាបថា កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកណ្ដាល ធ្លាប់បានដាស់តឿនលោកប្រធានមន្ទីររ៉ែ និងថាមពល ឱ្យមើលការខុសត្រូវចំពោះបញ្ហានានា ដែលកើតឡើងនៅភូមិសាស្ត្រខេត្តកណ្ដាល ប៉ុន្តែករណីប៉ះពាល់នៅតែមាន៕