(បាត់ដំបង)៖ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុនហុងដាកម្ពុជា ខេត្តបាត់ដំបង លេខាធិការដ្ឋាន គ.ស.ច.គ. មន្ទីរសាធារណរការ និងដឹកជញ្ជូន ខេត្តបាត់ដំបង សាខាកាកបាទក្រហមកម្ពុជា ក្រុមហ៊ុនម៉ូតូហុងដា កម្ពុជា សាកលវិទ្យាល័យបាត់ដំបង បានបន្តរៀបចំវគ្គបណ្តុះបណ្តាលសុវត្ថិភាពបង្រៀនទ្រឹស្តី និងអនុវត្តបើកបរទោចក្រយានយន្ត ដល់និស្សិតសាកលវិទ្យាល័យបាត់ដំបង ចំនួនជាង២០០នាក់។

ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យបាត់ដំបង ក្រោមវត្តមានលោកបណ្ឌិត ស្រ៊ាន ពៅ ព្រឹទ្ធបុរស មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ តំណាងលោកស្រី សៀងឯម ទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង ដោយមានការចូលរួមពីសំណាក់មន្ទីរជំនាញពាក់ព័ន្ធ មន្រ្តីជំនាញ និងនិស្សិតចូលរួមផងដែរ។

លោកបណ្ឌិត ស្រ៊ាន ពៅ បានមានមតិបើកវគ្គបណ្តុះបណ្តាលរួចមក មន្រ្តីជំនាញពាក់ព័ន្ធបានធ្វើបទបង្ហាញ ពន្យល់នៃការបង្រៀនទ្រឹស្តី ការបើកបរយាយន្តជាម៉ូតូ និងអនុវត្តជាក់ស្តែងផង ដោយបានបញ្ជាក់ពីសារសំខាន់ ចំណុចពិសេសនៃការបើកបរយានជំនិះ មានការប្រុងប្រយ័ត្នខ្ពស់ តាមបច្ចេកទេស ដើម្បីបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍។

គ្រូឧទ្ទេសបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី «ការបើកបរប្រកបដោយសុវត្ថិភាពវិធានជួយសង្គ្រោះជនរងគ្រោះ និងហានិភ័យ នៃការបើកបរ ក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង» ដល់សិស្សានុសិស្សសាកលវិទ្យា ល័យបាត់ដំបង ចំនួនជាង២០០នាក់ ក្នុងគោលបំណងសហការបង្ការការ គ្រោះថ្នាក់ចរាចរណ៍។ និងដោយមានការឧបត្ថមមួកសុវត្តិភាព ពីក្រុមហ៊ុនហុងដា ពិទីសាខាបាត់ដំបង។

សូមបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបង វគ្គបណ្តុះបណ្តាលនេះ ធ្វើបានឡើងនៅគ្រឹះស្ថានសិក្សា ចំនួន ៣ទីតាំង រួមមាន៖ វិទ្យាល័យនេតយ៉ង សាកលវិទ្យាល័យបាត់ដំបង និងសាកលវិទ្យាល័យUME ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ផងដែរ។

សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈ និងការងារអភិវឌ្ឍន៍ដ៏ចម្បង ដែលទាមទារឱ្យមានការដោះស្រាយបន្ទាន់ និងដោយមានចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ លើពិភពលោក នៅតែមានចំនួនខ្ពស់ និងបន្តកើនឡើងយ៉ាងខ្លាំង ដែលមានចំនួន ប្រមាណ១,៣៥លាននាក់ ជារៀងរាល់ឆ្នាំ។ គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាបញ្ហាចម្បងទី១ ក្នុងសកលលោក ដោយបានឆក់យកជីវិតមនុស្ស មានអាយុចន្លោះពី៥-២៩ឆ្នាំ។ ប្រមាណ៥០% អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នក បើកបរទោចក្រយានយន្ត អ្នកថ្មើរជើង អ្នកជិះកង់ និងបើកបររថយន្តផងដែរ៕