(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយសារលិខិតថ្លែងសូមថ្លែងអំណរ ព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលទ្រង់បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារលិខិត ចូលរួមអបអរសាទរ និងជូនពរ សម្តេចក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្តេច នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយព្រះមហាក្សត្របានបញ្ជាក់ថា «ខ្ញុំម្ចាស់មានសេចក្តីរំភើបរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជសារប្រទានពរជ័យ និងផ្កាស្រស់ល្អ១កន្ត្រីកធំ ជាព្រះរាជទានដ៏ឧត្តុង្គឧត្តម អំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ ក្នុងឱកាសទិវា ខួបកំណើតរបស់ខ្ញុំម្ចាស់នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩។

ខ្ញុំម្ចាស់សូមថ្លែងអំណរ ព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើនេះ។ ខ្ញុំម្ចាស់ចងចាំជានិច្ច នូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែបានលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបំពេញភារកិច្ចដឹកនាំសកម្មភាព កាកបាទក្រហមកម្ពុជា ទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត សំរាប់ជា ឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំម្ចាស់សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុសក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ប្រកបដោយ ព្រះបរមសុខគ្រប់ប្រការ ដើម្បីជាមហាម្លប់ដ៏ត្រជាក់ជាទីជ្រកកោនដល់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប តរៀងទៅ»