(ភ្នំពេញ)៖ យោងតាមការណែរបស់អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលព្រៃឈើភ្នំពេញ បាននាំយកកូនឈើគ្រប់ប្រភេទ ដើម្បីយកទៅដាំនៅក្នុងបរិវេណ មន្ទីរពេទ្យកុមារជាតិ ដើម្បីចូលរួមឲ្យរាជធានីភ្នំពេញ ជាទីក្រុងដែលមានពណ៌បៃតង ពិសេសឲ្យបរិវេណក្នុងមន្ទីរពេទ្យមានបរិស្ថានស្រស់ស្រាយ ដើម្បីបង្កើនបរិយាកាសល្អដល់អ្នកជំងឺ សម្រាកស្រូបយកខ្យល់អាកាសបរិសុទ្ឋនៃដើមឈើ។

ក្នុងពិធីដាំកូនឈើនេះ ក៏មានការចូលរួមពីលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងលោក ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងក្រុមការងារអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើភ្នំពេញ បុគ្គលិក នៃមន្ទីរពេទ្យកុមារជាតិផងដែរ។

លោក គាំ សីហា បានឲ្យដឹងថា ការរួមគ្នាដាំដើមឈើនាពេលនេះ ក្នុងគោលបំណងសំខាន់ដើម្បីជួយថែរក្សាបរិស្ថាននៅជុំវិញមន្ទីរពេទ្យ នេះឲ្យកាន់តែមានភាពបៃតងស្រស់ស្អាត ពិសេសជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ នៅលើភពផែនដី ហើយជួយកម្ចាត់ជាតិពុលនានា នៅក្នុងបរិវេណមន្ទីពេទ្យ ក៏ដូចរាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានេះ លោក គាំ សីហា ក៏បានសំណូមឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមដាំដើមឈើ និងថែទាំដើមឈើដែលបានដាំរួចឲ្យលូតលាស់ល្អ ដើម្បីឲ្យបរិវេណមន្ទីរពេទ្យយើងមានសភាពបៃតង ស្រស់បំព្រងរួមចំណែក រាជធានីភ្នំពេញ ជាគម្របបៃតង ផ្តល់ម្លប់ និងលើកសម្រស់របស់ទីក្រុងយើងផងដែរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមដាំដើមឈើ និងថែរក្សាដើមឈើឲ្យបានល្អ ឲ្យដូចយើងស្រឡាញ់កូនចៅយើងដែរ ហើយអ្នកបំផ្លាញដើមឈើវាស្មើនឹងបំផ្លាញខ្លួនឯងដូច្នោះដែរ។

លោកបន្តថា «ដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផល ចិញ្ចឹមជីវិតមនុស្សលោក។ ហេតុដូចនេះហើយ យើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ដើមឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លូនយើងផ្ទាល់ជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ»

ជាមួយគ្នានេះលោក ញឹប អង្គារបុស្ស ក៏បានអំពាវនាវដល់គ្រូពេទ្យ មន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យទាំងអស់ ត្រូវរួមគ្នាថែរក្សា ស្រោចទឹក ការពារដើមឈើដែលបានដាំនាពេលនេះ ព្រោះដើមឈើមានគុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់បរិស្ថាន និងមនុស្សជាតិ។

គួរបញ្ជាក់ថា មន្ទីរពេទ្យកុមារជាតិ ជារដ្ឋបាលសាធារណៈ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសហព័ន្ឋរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕