(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារលិខិត ចូលរួមអបអរសាទរ និងប្រសិទ្ធពរជ័យមហាបវរសួស្តី សិរីមង្គលជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្តេច នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងព្រះរាជសារលិខិតរបស់សម្តេចម៉ែ បានមានព្រះរាជបន្ទូលថា «ខ្ញុំសេចក្តីរីករាយ សូមចូលរួមអបអរសាទរ ជាមួយប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងសូមសម្តែងនូវការកោតសរសើរ ដ៏កក់ក្តៅជាទីបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាអ្នកស្នេហាជាតិដ៏ឧត្តម បានបរិច្ចាគកម្លាំងកាយចិត្ត និងធនធានចូលរួមក្នុងសកម្មភាព កសាងជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា»

សម្តេចម៉ែបានមានព្រះរាជបន្ទូលថា តាមរយៈសកម្មភាពដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា ប្រកបដោយស្មារតី ស្នេហាជាតិ មាតុភូមិ និងប្រជារាស្តនេះ កិត្តិនាមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានល្បីរន្ទឺទទួលបានការកោតសរសើរ និងអំណរសាទរ ទាំងនលើឆាកជាតិ និងអន្តរជាតិ។

ព្រះរាជសារលិខិតរបស់សម្តេចម៉ែ បានមានព្រះរាជបន្ទូលទៀតថា «ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមប្រសិទ្ធពរជ័យមហាវរសួស្តី សិរីមង្គល់គ្រប់ប្រការ ជូនសម្តេ កិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានមហាជោគជ័យថ្មីទៀត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងពុទ្ធពរ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ»