(ភ្នំពេញ)៖ Urban village ជាគម្រោងខុនដូធំមួយដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កាលពីពេលថ្មីៗកន្លងទៅនេះ បានពានរង្វាន់ជាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ ល្អបំផុតនៅអាស៊ី ខណៈគម្រោងអភិវឌ្ឍន៍របស់ខ្លួនក៏កំពុងដំណើរការជាបន្តបន្ទាប់ ព្រមទាំងមានការគាំទ្រពីអតិថិជនជាច្រើននៅកម្ពុជា ក្នុងនោះដែរក្រុមហ៊ុន អភិវឌ្ឍន៍ខុនដូនេះ ក៏ទទួលបានពានរង្វាន់ចំនួន៦ នៅក្នុងឆ្នាំ២០១៩នេះ សម្រាប់គម្រោងខុនដូ Urban Village ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។

លោកស្រី Catherine Chan នាយកប្រតិបត្តិក្រុមហ៊ុន Urban Hub បានឱ្យដឹងថា ពានរង្វាន់នេះត្រូវបានត្រួតពិនិត្យដោយស្ថាប័ន BDO ដែលជាក្រុមហ៊ុនសវនកម្មអន្តរ ជាតិដ៏ល្បីល្បាញ។ វាជាវេទិកាដែលមានភាពសុក្រឹត និងត្រូវមានការទទួលស្គាល់ពីថ្នាក់អន្តរជាតិ ដែលវាប្រាកដណាស់អតិថិជនរបស់ Urban village នឹងកាន់តែ មានទំនុកចិត្តលើគម្រោងរបស់យើង ពីព្រោះគម្រោងយើងមានការទទួលស្គាល់ពីអន្តរជាតិ។

លោកស្រីបន្តថា កាលពីដើមខែឧសភាក្នុងឆ្នាំនេះ Urban Village បានទទួលពានរង្វាន់ចំនួន៥ផ្សេងៗគ្នា នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យ Property Guru Cambodia Property Awards ប្រចាំឆ្នាំលើកទី៤ ដែលមានពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍខុនដូល្អបំផុត (ខេមបូឌា) ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូល្អបំផុត (ភ្នំពេញ) ពានរង្វាន់ខុនដូ ដែលមានការរចនា និងស្ថាបត្យកម្មល្អបំផុត និងពានរង្វាន់ខុនដូដែលមានការរចនាផ្ទៃខាងក្នុងល្អបំផុត។

លោក ប្រាក់ មុន្នីឧត្តម ទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន Urban Village Hub (Cambodia) Co. Ltd. បានឱ្យដឹងថា «ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស តម្រូវការលំនៅឋាន ដែលមានគុណភាពខ្ពស់ក៏មានការកើនឡើងផងដែរនៅក្នុងទីក្រុង ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំមុន ខ្ញុំមិនទាន់ឃើញប្រជាជនកម្ពុជា ចាប់អារម្មណ៍លំនៅឋានទំនើបច្រើននៅឡើយទេ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំបានកត់សម្គាល់ឃើញថា មានការផ្លាស់ប្តូរច្រើន គឺពួកគេមានតម្រូវការ លំនៅឋានបែបនេះកាន់តែច្រើន។ ប្រជាជនចូលចិត្តរស់នៅក្នុងខុនដូ ពីព្រោះវាមានទីតាំងស្ថិនៅក្នុងទីក្រុង ដែលនៅមិនឆ្ងាយពីកន្លែងធ្វើការរបស់ពួកគេ»

លោកឧត្តមថ្លែងថា លោកជឿជាក់លើគម្រោង Urban Village ពីព្រោះវាជាគម្រោងអភិវឌ្ឍន៍ដ៏អស្ចារ្យ ជាមួយនឹងតម្លៃសមរម្យមានទីតាំងល្អ និងទទួលបានពានរង្វាន់ ចំនួន៦។

តាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Urban Village Hub បានឱ្យដឹងថា គម្រោងដ៏ពេញនិយមរបស់ក្រុមហ៊ុនគឺអគារខុនដូកម្ពស់១៩ជាន់ ដែលមានការរចនាសោភ័ណភាព លក្ខណៈខ្មែរ មានសួនច្បារ មានទេស-ភាពស្រស់បំព្រង រួមនឹងការបំពាក់នូវបរិក្ខារដ៏សម្បូរបែប ដែលធ្វើឲ្យខុនដូនេះកាន់តែស្រស់បំព្រងទ្វេឡើង។ ក្រុមហ៊ុនអភិវឌ្ឍន៍នេះ បានបញ្ចប់គម្រោង Urban Loft ដែលមានអគារកម្ពស់២០ជាន់ មាន២អគារ ហើយ Urban Village ដំណាក់កាលទី១ បានត្រៀមរួចរាល់សម្រាប់ប្រគល់ជូនអតិថិជន នៅខែមីនាឆ្នាំក្រោយនេះផងដែរ។

គួរបញ្ជាក់ថា ដើម្បីបង្ហាញពីទំនាក់ទំនងកម្ពុជា ចិន កាន់តែស្អិតរមួតឡើងនោះការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមព្រះខ័នរាជស្វាយរៀងរបស់ ប្រាក់ មុន្នីឧត្តម និងក្រុមបាល់ទាត់ China Macau MUST CPK នឹងត្រូវធ្វើឡើងនៅទីលានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍នេះតែម្តង គឺនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះផងដែរ៕