(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី រួមនឹងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញពិនិត្យសកម្មភាពស្ថាបនាវិថីនាយឧត្តមសេនីយ៍ ប៊ូ ថង ដែលក្រុមហ៊ុនម៉ៅការស្ថាបនាកំពុង តែមមាញឹកក្នុងការសាងសង់។

សូមរំលឹកថា វិថីនាយឧត្តម ប៊ូ ថង បានដំណើរការស្ថាបនានៅដើមខែតុលាមកម្ល៉េះ ហើយកំណាត់ផ្លូវនេះមានប្រវែង ៩៥០ម៉ែត្រ ត្រូវបានសម្ពោធ ដាក់ឲ្យដំណើរការស្ថាបនាកាលពី ចុងខែកក្កដា ប៉ុន្តែដោយមានភ្លៀងធ្លាក់ជោគជាំពេកដំណើរការស្ថាបនាត្រូវបានផ្អាកសិន។ តែពេលនេះបានដំណើរការឈូសឆាយស្ថាបនា ហើយវិថីនេះនឹងស្ថាបនាក្រាលកៅស៊ូប្រភេទ DBST ដោយគ្រោងចំណាយថវិការហូតដល់ ៣.២៣៥.០០០.០០០រៀល ស្មើជាង ៨០ម៉ឺនដុល្លារ។ ផ្លូវនេះត្រូវដាក់លូមុខកាត់ ០,៨ម៉ែត្រ អមសងខាងផ្លូវប្រវែង ១.៣៩៧ម៉ែត្រ គ្រោងចំណាយថវិកា ៣.២៤២.២៤២.០០០រៀល, រៀបចំសួនច្បារកណ្តាលទ្រូងផ្លូវប្រវែង៥៤០ម៉ែត្រ ទទឹង១,៣ម៉ែត្រ គ្រោងចំណាយថវិកា ២៦៧.០០០.០០០រៀល ដែលសរុបថវិកាចំណាយក្នុងការស្ថាបនាវិថី នាយឧត្តមសេនីយ៍ ប៊ូ ថង ចំនួន ៦.៧៤៤.២៤២.០០០រៀល ជាថវិការបស់រដ្ឋបាលខេត្ត។

មន្រ្តីសាលាខេត្តបានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាសមិទ្ធផលក្រោមគំនិតផ្តួចផ្តើមរបស់លោកព្រឹទ្ធាចារ្យ ប៊ូ ថង ដែលជាស្ថាបនិកទីក្រុងបានលុង ទោះបីពេលនេះលោកបានធ្វើមរណៈកាលទៅហើយ ប៉ុន្តែកាលលោកនៅមានជន្មាយុ លោកតែងតែគិតគូរដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ជាពិសេសលោកព្រឹទ្ធាចារ្យ ប៊ូ ថង តែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យបន្តធ្វើការអភិវឌ្ឍន៍ខេត្តរតនគិរី ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ជាក់ស្តែងផ្លូវលេខ៥០ ដែលនឹងធ្វើការស្ថាបនាក្រាលកៅស៊ូនេះ គឺជាគំនិតផ្តួចផ្តើមរបស់លោកព្រឹទ្ធាចារ្យផ្ទាល់ គឺដើម្បីលើកស្ទួយសោភ័ណភាពទីរួមខេត្ត និងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ មានភាពងាយស្រួល។ បន្ទាប់ពីបានស្ថាបនារួចរាល់ផ្លូវលេខ៥០នេះ នឹងត្រូវប្រសិទ្ធនាម «វិថី នាយឧត្តមសេនីយ៍ ប៊ូ ថង» ដើម្បីតបស្នងសង គុណដ៏ខ្ពង់ខ្ពស់របស់លោកព្រឹទ្ធាចារ្យ ប៊ូ ថង ដែលលោកធ្លាប់បានលះបង់អាយុជីវិតដ៏ថ្លៃថ្លា រួមបង្កើតចលនាតស៊ូរំដោះប្រទេសជាតិ មាតុភូមិកម្ពុជាចេញពីភ្នក់ភ្លើងសង្គ្រាមកាលពីអតីតកាល និងជាស្ថាបនិកទីក្រុងបានលុង នាពេលសព្វថ្ងៃនេះ៕