(ភ្នំពេញ)៖ ថ្លែងចំពោះមុខអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា អះអាងថា សហរដ្ឋអាមេរិកនឹងបន្តជួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការបន្តផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់វិស័យសំខាន់ៗមួយចំនួន ខណៈចាប់ពីឆ្នាំ១៩៩២ ដល់ ២០១៩នេះ អាមរិកបានផ្តល់ជំនួយដល់កម្ពុជា ប្រមាណ១៥០០លានដុល្លារ។

ការអះអាងបន្តជួយដល់កម្ពុជានេះ ធ្វើឡើងក្នុងឱកាសលោក Patrick Murphy ចូលជួបពិភាក្សាការងារជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែធ្នូនេះ។

ក្នុងជំនួបនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន ចំពោះលោក Patrick Murphy នាឱកាសដែលលោកត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក តែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិក បាននាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០១៩នេះ, សហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ១៥០០លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា ដោយផ្តោតលើវិស័យអប់រំ សុខាភិបាល កសិកម្ម និងបរិស្ថាន ។ ជាមួយគ្នានេះ, ក្រុមហ៊ុនអាមេរិកជាច្រើនបានមកដាក់ទុនវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរបានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីនេះ បានរួមចំណែកបង្កើតការងារ និងផ្តល់ប្រាក់ចំណូលជាច្រើនដល់ប្រជាជនកម្ពុជា។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមរិក Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលសម្រេច បានកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាព ក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ។

លោកថា រដ្ឋាភិបាលសហរដ្ឋ អាមេរិកនឹងបន្តជួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈការបន្តផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់កម្មវិធី សុខភាពសាធារណៈ និងការអប់រំ, កម្មវិធីកសិកម្ម និងបរិស្ថាន, កម្មវិធីដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការផ្តល់ជំនួយបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស សំដៅរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។ ជាមួយគ្នានេះ, រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយផងដែរដល់វិស័យឯកជននៅកម្ពុជា តាមរយៈកម្មវិធីលើកកម្ពស់អភិបាលកិច្ច និងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

ជាមួយគ្នានេះ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលសហរដ្ឋអាមរិក ដែលបានជួយគាំទ្រ ដល់ការធ្វើកំណែទម្រង់នៅកម្ពុជា ជាពិសេសកំណែទម្រង់ខាងពន្ធដារ និងថវិកា ក្នុង ក្របខ័ណ្ឌកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើកំណែទម្រង់លើកកម្ពស់អភិបាលកិច្ច, កែលម្អបរិយាកាសវិនិយោគ, សាងសង់ហេដ្ឋារចនាសម្ព័ន្ធ, អភិវឌ្ឍ ធនធានមនុស្ស, បង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីបន្តរក្សា កំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងរយៈពេលវែង សំដៅប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនោះដែរ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបាននិងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយជូនពរឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Patrick Murphy បំពេញបេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ៕