(ភ្នំពេញ)៖ ជនអន្តោប្រវេសន៍វៀតណាមជាង ២ពាន់គ្រួសារ ដែលរៀបចំឱ្យផ្លាស់ទីពីលើផ្ទៃទឹកតាមដងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង មករស់នៅលើគោកវិញនោះ គ្មានការផ្តល់សញ្ជាតិ ហើយក៏គ្មានការអន្តរាគមន៍ណាមួយលើការអនុវត្តន៍របស់អាជ្ញាធរកម្ពុជាពីសំណាក់អាជ្ញាធរ ឬរដ្ឋាភិបាលវៀតណាមនោះឡើយ។ ខណៈជនអន្តោប្រវេសន៍វៀតណាមមួយចំនួន បានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ក្រោយពេលអាជ្ញាធររៀបចំឱ្យផ្លាស់ទីមកនៅលើគោកវិញនេះ។

ព័ត៌មានទាំងនេះត្រូវបានបញ្ជាក់ដោយអភិបាលរងខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធ នៅក្នុងសន្និសីទព័ត៌មានដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោក ស៊ុន សុវណ្ណារិទ្ធ គឺជាបុគ្គលមួយរូបដែលបានចាត់ចែង និងធ្វើការងារបន្លាស់ទីជនអន្តោប្រវេសន៍វៀតណាម ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋខ្មែរ-ឥស្លាម ឱ្យចេញពីលំនៅឋាននៅលើជ្រាំង និងនៅលើទឹកតាមដងទន្លេសាបក្នុងក្រុងកំពង់ឆ្នាំង។ លោក ស៊ុន សុវណ្ណារិទ្ធ បានអះអាងថា ផែនការរៀបចំបន្លាស់ទីជនអន្តោប្រវេសន៍វៀតណាម ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាមនេះ បានធ្វើឡើងតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ការបន្លាស់ទីនេះមានគោលបំណងសំខាន់ថែរក្សាទន្លេសាប ថែរក្សាបរិស្ថានទឹក ថែរក្សាជីវៈចម្រុះ និងធនធានធម្មជាតិ។

អភិបាលរងខេត្តរូបនេះ បានឱ្យដឹងផងដែរថា អ្នកដែលត្រូវបានរៀបចំឱ្យបន្លាស់ទីនេះមានចំនួនប្រមាណ ៤,៥៦៣គ្រួសារ។ ក្នុងនោះជនអន្តោប្រវេសន៍វៀតណាម មានចំនួន ២,៣៧៩គ្រួសារ ស្មើនឹង ១០,០៨៧នាក់ ក្រៅពីនោះជាប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាម។ លោក សុវណ្ណារិទ្ធ ក៏បានគូសបញ្ជាក់ឱ្យដឹងដែរថា ការងារបន្លាស់ទីនេះ មិនមានការអន្តរាគមន៍ណាមួយពីអាជ្ញាធរ ឬរដ្ឋាភិបាលវៀតណាមនោះឡើយ ពោលកម្ពុជាបានរៀបចំចាត់ចែងទៅតាមផែនការ និងការងាររបស់ខ្លួន។

ជនអន្តោប្រវេសន៍វៀតណាម ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាម ដែលបានមករស់នៅលើជ្រាំង និងដងទន្លេសាបនេះ ត្រូវបានអះអាងថា មករស់នៅទីនេះនៅក្នុងក្រោយឆ្នាំ១៩៧៩ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍វៀតណាម មានប្រជាពលរដ្ឋខ្មែរមួយចំនួនបានចោទសួរផងដែរ តើមានមូលហេតុអ្វីទើបអាជ្ញាធរខ្មែរមិនបញ្ជូនជនអន្តោប្រវេសន៍ទាំងនេះឱ្យទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ?

លោក ស៊ុន សុវណ្ណារិទ្ធ បានពន្យល់ថា បើទោះបីជនអន្តោប្រវេសន៍វៀតណាមទាំងនោះ មិនមែនជាជនជាតិខ្មែរ តែពួកគេក៏ត្រូវបានការពារដោយច្បាប់អន្តរជាតិស្តីអំពីសិទ្ធិមនុស្ស ហើយប្រទេសកម្ពុជាជាប្រទេសសមាជិករបស់អង្គការសហប្រជាតិ ក៏ត្រូវតែចូលរួមអនុវត្តន៍នូវច្បាប់នានាស្តីពីបញ្ហាសិទ្ធិមនុស្សដែលមានចែងក្នុងច្បាប់អន្តរជាតិផងដែរ។ ពោលកម្ពុជា មិនអាចចាប់បង្ខំឱ្យជាតិសាសន៍ណាមួយនៅកម្ពុជាឱ្យត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញទាំងបំពានច្បាប់អន្តរជាតិនោះឡើយ។

លោក ស៊ុន សុវណ្ណារិទ្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សួរថាយើងបណ្តេញចេញកើតអត់? សូមជម្រាបថា ប្រទេសយើងជានីតិរដ្ឋមួយ យើងមិនអាចធ្វើអំពើឃោរឃៅដូចសម័យ ប៉ុល ពត សម័យ លន់ នល់ ទេ។ សម័យ លន់ នល់ សម័យ ប៉ុល ពត គឺសម្លាប់បាញ់ទម្លាក់ទឹកជាអំពើឃោរឃៅ។ អ៊ីចឹងរដ្ឋាភិបាលយើង ឬអាជ្ញាធរខេត្តមិនធ្វើអំពើឃោរឃៅដូចសម័យ ប៉ុល ពត នល់ នល់ បាញ់សម្លាប់អ៊ីចឹងទេ។ វាឃោរឃៅយង់ខ្នងណាស់ ហើយវារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ យើងមិនអាចធ្វើកើតទីមួយច្បាប់ជាតិ ទីពីរលិខិតតូបករណ៍អន្តរជាតិ អាហ្នឹងហើយដែលយើងត្រូវអនុវត្តន៍តាម យើងជានីតិរដ្ឋយើងត្រូវតែគោរពសិទ្ធិមនុស្ស ព្រោះយើងបានចុះអនុសញ្ញាជាមួយអង្គការអន្តរជាតិ»

ដំណើរការនៃការបន្លាស់ទីជនអន្តោប្រវេសន៍វៀតណាម ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាមនេះ ក៏ត្រូវបានចូលរួមតាមដាន និងអង្កេតពីលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងក្រុមការងាររបស់លោកស្រីផងដែរ។ លោកស្រី រ៉ូណាស្មីត បានសង្កត់ធ្ងន់ឱ្យរដ្ឋបាលខេត្តយកចិត្តទុកដាក់រៀបចំការងារនេះឱ្យបានល្អប្រសើរ ដូចជារៀបចំហេដ្ឋារចនាសម្ព័ន្ធ, ទឹកស្អាត, ភ្លើងអគ្គិសនី, សាលារៀន, សុខាភិបាល, សន្តិសុខ និងការគោរពទំនៀមទម្លាប់ប្រពៃណីជាដើម។

បើទោះបីកម្ពុជាមិនបានបណ្តេញជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅលើទន្លេសាបនេះក៏ដោយ ប៉ុន្តែមានជនអន្តោប្រវេសន៍វៀតណាមមួយចំនួនដោយបារម្ភខ្លាចជួបផលលំបាកពេលផ្លាស់ទៅរស់នៅលើគោកនោះ ពួកគេបានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន សុវណ្ណារិទ្ធ។

ពាក់ព័ន្ធនឹងការបន្លាស់ទីដដែលនេះ ក៏មានការព្រួយបារម្ភផងដែរ ខ្លាចមានការផ្តល់សញ្ជាតិដល់ជនអន្តោប្រវេសន៍វៀតណាមទាំងនេះ ដើម្បីជាថ្នូរឱ្យពួកគេប្តូរមករស់នៅលើគោកជំនួសវិញ។ ឆ្លើយតបចម្ងល់នេះ លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា រស់នៅលើទឹក ឬនៅលើគោកសុទ្ធតែជាទឹកដីខ្មែរ ហើយជនអន្តោប្រវេសន៍ គឺនៅតែជាជនអន្តោប្រវេសន៍គ្មានការផ្តល់សញ្ជាតិនោះឡើយ។

«សួរគាត់ទៅនៅលើគោកឱ្យសញ្ជាតិឬយ៉ាងម៉េច? អត់ទេ! នៅក្នុងទឹកក៏ដីខ្មែរ នៅលើគោកក៏ដីខ្មែរ។ អ៊ីចឹងគាត់នៅក្នុងទឹកក៏ជាអន្តោប្រវេសន៍ នៅលើគោកក៏ជាអន្តោប្រវេសន៍»។ នេះជាការបញ្ជាក់របស់លោក ស៊ុន សុវណ្ណារិទ្ធ។

លោក ស៊ុន សុវណ្ណារិទ្ធ បានបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្ន ក្នុងចំណោមផ្ទះ និងអាជីវកម្មផ្សេងៗសរុបប្រមាណ ៣,៨៥១ខ្នងផ្ទះទាំងនៅលើជ្រាំង និងលើផ្ទៃទឹកទន្លេសាបនេះ សម្រាប់ដែលផ្ទះអត់មានបែរត្រីត្រូវបានរើសទៅនៅលើគោក ១០០ភាគរយហើយ តែមិនទាន់បានទៅដល់ទីតាំងដី ៤០ហិកតាដែលអាជ្ញាធររៀបចំនៅឡើយនោះទេ។ ដោយឡែកបែរត្រីប្រមាណ ៧៥០បែរត្រី ក្នុង៦គោលដៅ មិនត្រូវបានបន្លាស់ទីនោះទេ តែអាជ្ញាធរតម្រូវឱ្យរុះជញ្ជាំង និងបន្ទប់ទឹកចេញ។

អភិបាលរងខេត្តកំពង់ឆ្នាំងរូបនេះ បានអះអាងទៀតថា ចំពោះដីទាំង៤០ហិកតានេះ ប្រជាពលរដ្ឋខ្មែរ និងខ្មែរឥស្លាម អាចទិញជាកម្មសិទ្ធិឯកជនបាន ប៉ុន្ដែសម្រាប់ជនអន្ដោប្រវេសន៍វៀតណាម មិនអាចទិញបាននោះទេ ពោលមានសិទ្ធិត្រឹមតែជួលដើម្បីស្នាក់នៅតែប៉ុណ្ណោះ។

សម្រាប់ទីតាំងដី ៤០ហិកតា អាជ្ញាធរកំពុងពន្លឿនការចាក់ដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីអនុញ្ញាតឱ្យអ្នកបន្លាស់ទីចូលទៅសង់លំនៅឋានរស់នៅ។ បច្ចុប្បន្នទើបមានប្រជាពលរដ្ឋប្រមាណ ១០០ផ្ទះប៉ុណ្ណោះទៅរស់នៅលើដីនោះ៕