(ភ្នំពេញ)៖ លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក គាន គឹមលាង ម្ចាស់ក្រុមហ៊ុនផ្ទះល្វែងមួយកន្លែង យីហោ «អេសិនណា អ៊ិនធើណេសិននល (OCEANA INTERNATIONAL Co.,Ltd)» នៅខណ្ឌសែនសុខ ក្រោយប្រជាពលរដ្ឋប្ដឹងរឿងទិញផ្ទះជាង១០ឆ្នាំ មិនទាន់ធ្វើហើយ និងមិនទាន់ផ្ទេរកម្មសិទ្ធិជូនពួកគាត់។

បើតាមដីកាកោះដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ ឈ្មោះ គាន គឹមលាង ត្រូវបានកោះហៅ ក្នុងនាមជាជនសង្ស័យ ដើម្បីឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធការប្ដឹងពីបទ «លួចលក់អចលនវត្ថុ»។

គួរជម្រាបថា ប្រជាពលរដ្ឋចំនួន៨គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋខ្ទង់រយគ្រួសារ បានបន្តរងគ្រោះរហូតមកដល់ពេលនេះ ដោយសារម្ចាស់ក្រុមហ៊ុនផ្ទះល្វែងមួយ មានយីហោថា «អេសិនណា អ៊ិនធើណេសិននល (OCEANA INTERNATIONAL Co.,Ltd) មានទីតាំងស្ថិតនៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មិនបានគោរពពាក្យសន្យានៅក្នុងកិច្ច ព្រមព្រៀងទិញ-លក់ផ្ទះជាមួយពួកគាត់ជាអតិថិជន តាំងពីជាង ១០ឆ្នាំមុន ពោលផ្ទះក៏មិនទាន់ធ្វើហើយ និងក៏មិនទាន់បានផ្ទេរបណ្ណកម្មសិទ្ធិជូនពួកគាត់ទៀតផង បើទោះបីពលរដ្ឋខ្លះបានបង់គ្រប់ លុយក៏ដោយនោះ។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខណ្ឌសែនសុខ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធបញ្ហារបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលបានប្ដឹងទៅសាលាខណ្ឌ ចោទប្រកាន់ក្រុមហ៊ុនផ្ទះល្វែង«អេសិនណា អ៊ិនធើណេសិននល (OCEANA INTERNATIONAL Co.,Ltd) ដែលពួកគាត់ទិញជាង ១០ឆ្នាំមកហើយ មិនទាន់ផ្ទេរកម្មសិទ្ធិជូន ហើយផ្ទះក៏ធ្វើមិនទាន់រួចរាល់។

រដ្ឋបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្ដឹងពីពលរដ្ឋ រដ្ឋបាលបានប្រគល់ភារកិច្ចជូនមន្ដ្រីមណ្ឌលសេវាកម្មយុត្តិធម៌ ដែលជាមន្ដ្រីមានជំនាញដោះស្រាយបញ្ហាផ្លូវច្បាប់ និងធ្វើការដោះស្រាយសម្របសម្រួលជូនប្រជាពលរដ្ឋ ប៉ុន្ដែដោយសារបញ្ហានេះ មានការប្ដឹងផ្ដល់រហូតមានដីកាសម្រេចរក្សាការពារ និងដីកាសម្រេចពីតុលាការ រដ្ឋបាលក៏បានណែនាំពលរដ្ឋដាក់ពាក្យបណ្ដឹង ទៅស្ថាប័នតុលាការតាមនីតិវិធីច្បាប់៕