(កំពងឆ្នាំង)៖ ការបន្លាស់ទីប្រជាពលរដ្ឋ រួមមានជនជាតិវៀតណាម ខ្មែរ និងខ្មែរ-ឥស្លាម ពីការរស់នៅលើផ្ទះបណ្ដែតទឹកលើទន្លេសាប ឡើងមករស់នៅលើផ្ទៃដីទំហំប្រមាណ ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង ធ្វើឲ្យផ្ទៃទឹកនៅក្នុងខេត្តនេះ កាន់តែមានភាពស្រស់ស្អាតជាងមុន។

នេះជាការលើកឡើងរបស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោក ស៊ុន សុវណ្ណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ម៉ោងនេះ មុខភ្នំកងរីទៅជាកន្លែងទេសចរណ៍ ដែលមានអ្នកទេសចរជនជាតិបរទេស ជិះទៅលេង។ បើសិនជាខែ១១ ខែ១២ យើងអាចជិះទូកជុំវិញកោះ ហូបបាយបាន។ បើគិតទៅស្អាតជាងភ្នំពេញទៀត»

លោកបន្តថា «កំពង់ឆ្នាំង គេតែងតែទៅផុតមកផុត អត់សូវចាប់អារម្មណ៍ទេ។ ប៉ុន្តែ បើសិនជាយើងជិះចូលនៅខែ១១ ខែ១២ ទឹកថ្លាល្អណាស់។ យើងអាចនាំគ្រួសារ ហូបបានលើទឹកដូចមុខវាំងដែរ យើងអាចជិះដើរលេង។ បើខែ៣ ខែ៤ មានចម្ការពោត យើងអាចទៅដុតញ៉ាំលេងបាន យើងថែមទាំងអាចទិញត្រី មកពីតាមបឹងទន្លេសាប»

បើតាមលោកអភិបាលរងខេត្ត នៅថ្ងៃអនាគត ខេត្តកំពង់ឆ្នាំងនឹងត្រូវអភិវឌ្ឍន៍តាមគម្រោង ៧ជំហាន។ ក្នុងជំហានទាំង៧ លោកបានលើកឡើងពីការប្រែក្លាយបែលចិញ្ចឹមត្រីបែបបុរាណ ទៅជាបែលចិញ្ចឹមត្រីបែបទំនើប ពោលគឺបែបទេសចរណ៍ ដែលយកបច្ចេកវិទ្យាមកពីសហគមន៍អឺរ៉ុប។

លោកបញ្ជាក់ថា «ពួកខ្ញុំនឹងធ្វើបែលត្រីឲ្យក្លាយទៅជាបែលទេសចរណ៍ ដែលយកពីបច្ចេកវិទ្យាថ្មី របស់សហគមន៍អឺរ៉ុប ដែលគេកំពុងអនុវត្តន៍នៅស្រុកគេ យើងយកមកអនុវត្តន៍នៅស្រុកយើង ហើយមានតម្លៃថោកជាងបែលសព្វថ្ងៃ។ បែលត្រីយើងប្រើពីឈើ ប៉ុន្តែបើយើងធ្វើតាមស្តង់ដារថ្មី យើងធ្វើពីសំណាញ់ និងជ័រ ហើយគេធានាបាន២០ឆ្នាំ»។

លើសពីនេះទៅទៀត លោក ស៊ុន សុវណ្ណារិទ្ធ បានបន្ថែមថា គោលបំណងរបស់ខេត្តកំពង់ឆ្នាំង បន្តិចទៀតនឹងប្រែខ្លួនទៅជាមជ្ឈមណ្ឌលភ្ញាស់កូនត្រី ចិញ្ចឹមត្រី និងចិញ្ចឹមបង្កងមួយយ៉ាងធំតែម្តង ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពធូរធា។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ឆ្នាំង បាននិងកំពុងរៀបចំប្រជាពលរដ្ឋខ្មែរ, ខ្មែរឥស្លាម និងអន្តោប្រវេសន៍វៀតណាម រួមទាំងការធ្វើអាជីវកម្មផ្សេងៗសរុបប្រមាណ ៣,៨៥១ខ្នងផ្ទះ ស្មើប្រមាណ ៤,៥៦៣គ្រួសារ ដែលកំពុងរស់នៅលើផ្ទៃទឹកទន្លេសាបជាប្រភេទផ្ទះបណ្តែតទឹកក្នុងភូមិសាស្ត្រឃុំ/សង្កាត់ចំនួន៩ ឱ្យទៅរស់នៅលើគោកជំនួសវិញ។ អាជ្ញាធរបានត្រៀមដីទំហំប្រមាណ ៤០ហិកតា នៅក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដើម្បីឱ្យប្រជាពលរដ្ឋទាំងនេះទៅរស់នៅ។

ឆ្លើយតបនឹងការប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួននោះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអះអាងថា ការរៀបចំបន្លាស់ទីនេះ ធ្វើឡើងក្នុងគោលបំណងថែរក្សាទន្លេសាប, ថែរក្សាបរិស្ថានទឹក, ថែរក្សាជីវៈចម្រុះ និងធនធានធម្មជាតិ។ អាជ្ញាធរបញ្ជាក់ថា ការបន្លាស់ទីនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានទទួលអនុសាសន៍ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឱ្យចាត់ចែងអនុវត្តផែនការនេះ ដោយម៉ត់ចត់ទាន់ពេលវេលា និងប្រុងប្រយ័ត្នខ្ពស់ស្របតាមច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិផងដែរ ព្រមទាំងខិតខំដោះស្រាយសេវារដ្ឋបាលនៅកន្លែងថ្មី ជូនប្រជាពលរដ្ឋទាំងនោះឱ្យបានល្អ៕

ទិដ្ឋភាពនៅតាមជ្រាំង និងលើដងទន្លេសាបមុនពេលអាជ្ញាធរបន្លាស់ទី ជនអន្តោប្រវេសន៍វៀតណាម ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-ឥស្លាម

ទិដ្ឋាភិបាលនៅតាមដងទន្លេសាបក្នុងក្រុងកំពង់ឆ្នាំង ក្រោយបន្លាស់ទីប្រជាពលរដ្ឋចេញ