(កំពង់ធំ)៖ លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានលើកឡើងថា ព្រៃឈើ គឺជាអាយុជីវិតរបស់មនុស្សសត្វនានា ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ត្រូវចេះស្រឡាញ់ព្រៃឈើ និងចូលរួមថែរក្សាការពារឱ្យបានគង់វង្ស។

ការលើកឡើងបែបនេះ របស់លោក អ៊ុន បុត្ត បានធ្វើឡើង ក្នុងពិធីប្រកាសទទួលសហគមន៍អេកូទេសចរណ៍ធម្មជាតិ ឃ្មុំស្រករថ្លុកឬស្សី និងគម្រោងអេកូទេសចរណ៍ នៅភូមិត្រពាំងថ្ម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីអង្គភាព មន្ទីរពាក់ព័ន្ធ អង្គការដៃគូ ព្រមទាំងសមាជិកសហគមន៍ប្រមាណជាង ២០០នាក់។

លោក អ៊ុន បុត្ត បានលើកឡើងយ៉ាងដូច្នេះថា៖ «បងប្អូនប្រជាពលរដ្ឋចេះស្រឡាញ់ព្រៃឈើ ដោយចាត់ទុកព្រៃឈើ ជាអាយុជីវិតរបស់យើង ព្រោះព្រៃឈើ បានស្រូបយកទឹកភ្លៀង ការពារខ្យល់ព្យុះ និងជាជំរកសត្វព្រមទាំងទប់ស្កាត់នូវការបម្រែបម្រួលអាកាសធាតុ មិនត្រឹមតែប៉ុណ្ណោះ ព្រៃឈើមានប្រយោជន៍ជាច្រើនទៀត។ ម្យ៉ាងវិញទៀតព្រៃឈើបង្កើនប្រាក់ចំណូល តាមរយៈភ្ងៀវទេសចរណ៍ ដោយលក់ជាម្ហូបអាហារ ជាវត្ថុអនុស្សាវរីយ៍ និងការដឹកជញ្ជូនភ្ញៀវមកលេងជាដើម»

លោកបានបន្តថា អ្វីដែលសំខាន់ទិវានេះ នឹងរួមចំណែកដល់ការបណ្ដុះស្មារតីបងប្អូនប្រជាពលរដ្ឋស្រឡាញ់ថែរក្សាការពារព្រៃឈើដ៏មានតម្លៃ ក្នុងថែរក្សាតុល្យភាព ធាតុអាកាស សម្រាប់ទ្រទ្រង់ជីវិតរបស់មនុស្សសត្វជីវៈចម្រុះមិនតែប៉ុណ្ណោះ ព្រៃឈើកាត់បន្ថយភាពងាយរងគ្រោះ ដែលបណ្ដាលមកពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ សំដៅសម្រេចបាននូវការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀង របស់សហគមន៍មូលដ្ឋាន។

ក្នុងឱកាសនោះដែរ លោក អ៊ុន បុត្ត ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវដាំដុះបន្ថែមទៀតនៅក្នុងព្រៃសហគមន៍ ការថែរក្សា និងការយកចិត្តទុកដាក់ នូវកូនឈើ ដែលបានដាំរួច ព្រោះធនធានធម្មជាតិ គឺជាជីវិតរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវមានផែនការបន្តទៀត នៅក្នុងព្រៃសហគមន៍ ដើម្បីកាត់បន្ថយការកាប់បំផ្លាញ និងបង្កើនការដាំដុះឡើងវិញ ក្នុងព្រៃសហគមន៍ ក្នុងការការពារធនធានធម្មជាតិ និងផ្សព្វផ្សាយពីសារៈប្រយោជន៍ នៃធនធានធម្មជាតិដល់សហគមន៍ដែលពោលថា «ពលរដ្ឋម្នាក់ដាំដើមឈើមួយដើម» និងត្រូវចូលរួមការពារព្រៃឈើទាំងអស់គ្នា។

បើតាមលោក សោម សុភ័ក្ស នាយកប្រតិបត្តិ នៃអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) បានលើកឡើងថា សហគមន៍ព្រៃឈើ ឃុំស្រករថ្លុកឫស្សី បានបង្កើតឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៩ និងទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមប្រកាសលេខ ៤៨៩ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ បានចុះកិច្ចព្រមព្រៀង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលមានផ្ទៃដី ចំនួន៦៧៥.០៩ហិកតា មានភូមិ២ បង្កើតឡើង គឺភូមិល្វៃ និងភូមិត្រពាំងថ្ម ស្ថិតនៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សមាជិកសរុបចំនួន ១៩៨គ្រួសារ។

លោក សោម សុភ័ក្ស បានបន្តថា ដោយមានការរីកចម្រើន និងមានការគាំទ្រពីអង្គការសកម្មភាព ដើម្បីអភិវឌ្ឍកិច្ចសហការល្អពីអាជ្ញាធរភូមិ-ឃុំ-ស្រុក និងខេត្ត សហគមន៍ព្រៃឈើ បានបំលែងតំបន់មានសក្កានុពលភាព ទៅជាកន្លែងអេកូទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត និងបង្កើនប្រាក់ចំណូលចូលដល់សហគមន៍តាមរយៈសេវាកម្មនានា៕