(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ បានជំរុញឲ្យនិស្សិត និងសាស្ត្រាចារ្យសាលាកសិកម្មព្រែកលៀប សិក្សារៀនសូត្រ និងស្រាវជ្រាវ ដើម្បីដើរឲ្យទាន់ការវិវឌ្ឍន៍ជាសកលក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្ម។

ការជំរុញបែបនេះរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញារង ថ្នាក់បរិញ្ញា នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ ពិធីនេះ រៀបចំធ្វើឡើង នៅទីស្ដីការក្រសួងកសិកម្ម។

ពិធីនេះ មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក-លោកស្រី ជាថ្នាក់ដឹកនាំក្រសួង លោកនាយកវិទ្យាស្ថាន សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ភ្ញៀវជាតិ-អន្តរជាតិ និងនិស្សិតប្រមាណ ១,៣៣០នាក់។

ថ្លែងក្នុងពិធីនោះ លោករដ្ឋមន្រ្តី វេង សាខុន បានគូសបញ្ជាក់ថា ដោយសារសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ គឺបានខិតខំពន្លឿនការអនុវត្តកម្មវិធី និងគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស។

លោករដ្ឋមន្ដ្រីបានបន្ដទៀតថា ដោយឡែកការលើកកម្ពស់វិស័យកសិកម្ម ដោយផ្តោតលើការបង្កើនផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្ម ដើម្បីឲ្យកម្ពុជាមានសមត្ថភាពអភិវឌ្ឍវិស័យនេះ ប្រកបដោយប្រសិទ្ធភាព វឌ្ឍនភាព និងវិបុលភាពតាមការរំពឹងទុក សំដៅធានាកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងនិរន្តរភាព ការប្រកួតប្រជែងទីផ្សារអន្តរជាតិ។

រដ្ឋមន្រ្តីក្រសួងកសិកម្មបានបន្ថែមថា យោងលើបរិបទនៃកំណើនសេដ្ឋកិច្ច ចំនួនប្រជាជន និងតម្រូវការទីផ្សារទាំងបរិមាណ គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម ទាមទារចាំបាច់ធនធានុមនុស្ស ដែលពោរពេលដោយសក្តានុពល ទាំងចំណេះជំនាញ បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវៈ។

ហើយពិតណាស់ វាមិនអាចកើតឡើងដោយចៃដន្យបានទេ ល្គឹកណាតែនិស្សិតគ្រប់រូបត្រូវយកចំណេះ ជំនាញ និងបទពិសោធន៍ ដែលក្រេបយកបានពីវិទ្យាស្ថាននេះ ទៅអភិវឌ្ឍ និងធ្វើនវានុវត្តន៍ខ្លួនឯងឲ្យក្លាយជាបុគ្គលល្អ មន្រ្តីល្អ ឬពលរដ្ឋមានតម្លៃ រួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិនាពេលអនាគត។ នេះជាការបញ្ជាក់បន្ថែមរបស់ លោករដ្ឋមន្រ្តី វេង សាខុន។

លើសពីនោះទៅទៀត លោករដ្ឋមន្រ្តី វេង សាខុន បានបន្ថែមទៀតថា ព្រមជាមួយគ្នានេះ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ ក៏ត្រូវខិតខំពង្រឹង និងពង្រីកការងារដឹកនាំ គ្រប់គ្រងទាំងរដ្ឋបាល និងបច្ចេកទេស និងសហប្រតិបត្តិការ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី វេង សាខុន បានផ្តល់អនុសាសន៍ជាគន្លឹះល្អៗមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់ថ្នាក់ដឹកនាំវិទ្យាស្ថាន សាស្រ្តាចារ្យ និងក្មួយៗនិស្សិតយកទៅគិតគូរពិចារណា និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ទទួលបានលទ្ធផលល្អ ដែលមានជាបន្តបន្ទាប់ដូចខាងក្រោម៖

១៖ ត្រូវខិតខំពង្រឹងនិងពង្រីកសមត្ថភាព និងគុណភាពស្រាវជ្រាវបច្ចេកទេសនិងវិទ្យាសាស្រ្ត នវានុវត្តន៍ថ្មីៗ ផ្តោតលើបច្ចេកវិទ្យាទំនើប ទាន់សម័យ មានភាពវៃឆ្លាត និរន្តរភាព និងបរិយាប័ន្ន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម។ ត្រូវខិតខំកសាងសមត្ថភាពមន្ទីរពិសោធន៍ និងលើក កម្ពស់សមត្ថភាពធនធានសាស្រ្តា។

២៖ ត្រូវខិតខំធ្វើកំណែទម្រង់ប្រព័ន្ធសិក្សា កែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន ព្រមទាំងឯកសារបង្រៀនឲ្យបានការតែល្អប្រសើរ សមស្រប ឆ្លើយតបទៅនឹងគោលនយោបាយ អភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤ សម័យបច្ចេកវិជ្ជាឌីជីថល។

៣៖ ត្រូវតែយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព និងគុណភាពអប់រំ ការស្រាវជ្រាវ ការងាររដ្ឋបាល ការគ្រប់គ្រងមន្រ្តីសាស្រ្តាចារ្យ និងនិស្សិត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ សហគមន៍កសិកម្ម ដៃគូអភិវឌ្ឍ វិស័យឯកជន និសាកលវិទ្យាល័យនានា។

៤៖ ក្មួយៗត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ដោយយកចំណេះដឹងដែលខ្លួន មានទៅអនុវត្តក្នុងវិជ្ជាជីវៈរបស់ខ្លួនឲ្យបានជោគជ័យ ហើយត្រូវប្រកាន់ខ្ជាប់នូវអត្តចរិកជាបុគ្គលិក ឬជាមន្ត្រីដ៏ល្អម្នាក់ មានវិន័យថ្លៃថ្នូរ ឧស្សាហ៍ព្យាយាម និងមានសីលធម៌ល្អប្រពៃ។

៥៖ ដើម្បីដើរឲ្យទាន់ការវិវឌ្ឍន៍ជាសកលក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្មនេះ ក្មួយៗត្រូវសិក្សារៀនសូត្រ និងស្រាវជ្រាវបន្ថែមទៀត បន្តដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរថែមទៀត៕