(ភ្នំពេញ)៖ ឆ្លើយតបការព្រួយបារម្ភថា ការបង្កើតភូមិឱ្យអន្ដោប្រវេសន៍វៀតណាម ដែលបន្លាស់ពីលើទន្លេសាប មកលើគោកក្នុងខេត្តកំពង់ឆ្នាំងនាំឱ្យបាត់ដី ឬអាចក្លាយទៅជាតំបន់រស់នៅដោយឯករាជ្យរបស់ជនជាតិវៀតណាមជាដើមនោះ លោក ផៃ ស៉ីផាន បានអះអាងថា តំបន់នោះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ច្បាប់កម្ពុជាគ្មានថ្ងៃបាត់បង់ដីដូចការព្រួយបារម្ភនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីផែនការបន្លាស់ទីប្រជាពលរដ្ឋរួមមានជនជាតិវៀតណាម ខ្មែរ និងខ្មែរ-ឥស្លាម ពីការរស់នៅលើផ្ទះបណ្ដែតទឹកលើទន្លេសាប ឡើងមករស់នៅលើផ្ទៃដីទំហំប្រមាណ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ផៃ ស៉ីផាន បានអះអាងយ៉ាងដាច់ណាត់ថា ការបន្លាស់ទីនេះ គ្មានថ្ងៃដែលកម្ពុជាកាត់ដីឱ្យជនអន្ដោប្រវេសន៍វៀតណាមនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៉ីផាន បានថ្លែងយ៉ាងដូច្នេះថា «ការបារម្ភទៅលើសន្ដិសុខជាតិ ដែលយើងបង្កើតភូមិសម្រាប់ឱ្យអន្ដោប្រវេសន៍ មកនៅមិនមានប៉ះពាល់ដល់សន្ដិសុខជាតិ ដោយសារគ្រប់គ្រង ក្នុងប្រព័ន្ធច្បាប់របស់កម្ពុជា ហើយអ្នកទៅគ្រប់គ្រង គឺកម្ពុជា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានអារម្មណ៍ធូរស្រាល»

លោក ផៃ ស៉ីផាន បានពន្យល់ទៀត កាលណាអាជ្ញាធរបង្កើតកន្លែងមួយឱ្យជនអន្ដោប្រវេសន៍រស់នៅ គឺជនអន្ដោប្រវេសន៍ទាំងអស់នោះ ត្រូវតែគោរពច្បាប់របស់កម្ពុជា រួមមាន ទាំងច្បាប់ភូមិបាល និងច្បាប់សញ្ជាតិ ហើយអ្នកគ្រប់គ្រងនៅកន្លែងនោះទៀតសោត គឺជាជនជាតិខ្មែរ មិនមែនជាជនអន្ដោប្រវេសន៍នោះ ទេ។

បន្ថែមពីនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានអរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានយកចិត្តទុកដាក់ និងតាមដានលើបញ្ហានេះ។ លោកជឿជាក់ថា បន្ទាប់ពីសន្និសីទសារព័ត៌មាននៅថ្ងៃនេះ ប្រជាពលរដ្ឋនឹងជ្រាបកាន់តែច្បាស់ពីអ្វីដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ឆ្នាំង កំពុងអនុវត្តជាបន្ដបន្ទាប់ លើការងារបន្លាស់ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក មកឱ្យរស់នៅលើគោកវិញ។

គួរជម្រាបថា អាជ្ញាធរខេត្តកំពង់ឆ្នាំង បាននិងកំពុងរៀបចំប្រជាពលរដ្ឋខ្មែរ, ខ្មែរឥស្លាម និងអន្តោប្រវេសន៍វៀតណាម រួមទាំងការធ្វើអាជីវកម្មផ្សេងៗសរុបប្រមាណ ៣,៨៥១ខ្នងផ្ទះ ស្មើប្រមាណ ៤,៥៦៣គ្រួសារ ដែលកំពុងរស់នៅលើផ្ទៃទឹកទន្លេសាបជាប្រភេទផ្ទះបណ្តែតទឹកក្នុងភូមិសាស្ត្រឃុំ/សង្កាត់ចំនួន៩ ឱ្យទៅរស់នៅលើគោកជំនួសវិញ។ អាជ្ញាធរបានត្រៀមដីទំហំប្រមាណ ៤០ហិកតា នៅក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដើម្បីឱ្យប្រជាពលរដ្ឋទាំងនេះទៅរស់នៅ។

ឆ្លើយតបនឹងការប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួននោះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអះអាងថា ការរៀបចំបន្លាស់ទីនេះ ធ្វើឡើងក្នុងគោលបំណងថែរក្សាទន្លេសាប, ថែរក្សាបរិស្ថានទឹក, ថែរក្សាជីវៈចម្រុះ និងធនធានធម្មជាតិ។

អាជ្ញាធរបញ្ជាក់ថា ការបន្លាស់ទីនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានទទួលអនុសាសន៍ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឱ្យចាត់ចែងអនុវត្តផែនការនេះ ដោយម៉ត់ចត់ទាន់ពេលវេលា និងប្រុងប្រយ័ត្នខ្ពស់ស្របតាមច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិផងដែរ ព្រមទាំងខិតខំដោះស្រាយសេវារដ្ឋបាលនៅកន្លែងថ្មី ជូនប្រជាពលរដ្ឋទាំងនោះឱ្យបានល្អ៕