(ភ្នំពេញ)៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងអ្នកទិញស្រូវដ៏ធំនៅខេត្តបាត់ដំបង បានអះអាងដូចៗគ្នាថា នៅពេលនេះស្ថានភាពតម្លៃស្រូវរបស់ប្រជាកសិករ ពិសេសស្រូវសែនក្រអូប ដែលរដូវប្រមូលចូលមកដល់នោះទទួលបានតម្លៃដ៏ល្អឡើងវិញ ដែលអាចឲ្យប្រជាពលរដ្ឋទទួលយកបាន។

លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះថា តម្លៃស្រូវនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរឡើងវិញ ស្ទើរតែគ្រប់ខេត្ត-ក្រុង ក្រោយរាជរដ្ឋាភិបាល ទម្លាក់កញ្ចប់ថវិកាចំនួន៥០លានដុល្លារ ឲ្យរោងម៉ាស៊ីនកិនស្រូវ។

លោក សុង សារ៉ន បានថ្លែងយ៉ាងដូច្នេះថា «តម្លៃស្រូវក្នុងសប្ដាហ៍នេះ មានការឡើងតម្លៃឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានទម្លាយថវិកា គឺតម្លៃស្រូវសែនក្រអូប ដែលប្រមូលផលក្នុងរដូវប្រាំង និងវស្សាតម្លៃនៅវាលស្រែពី៩៧០រៀល ទៅ១២០០រៀល មានភាពល្អប្រសើរជាងសប្ដាហ៍មុន»

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះបានបន្ថែមថា «តម្លៃស្រូវនេះនៅក្នុងខេត្តបាត់ដំបង ដែលមានគុណភាពស្ដង់ដារ អាចនាំចេញបាន។ ដោយឡែកបណ្ដាខេត្ដផ្សេងៗទៀត តម្លៃស្រូវសែនក្រអូប ក៏កំពុងតែមានការកើនឡើងដែរ តម្លៃមានភាពល្អប្រសើរជាងសប្ដាហ៍មុនស្ទើរតែគ្រប់ខេត្ត-ក្រុង»

ជាមួយគ្នានោះលោកសង្ឃឹមថា សប្ដាហ៍ក្រោយការប្រមូលផលស្រូវក្រអូបវគ្គ២ នឹងមានច្រើន ហើយសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា នឹងបន្ដទិញចូលស្ដុកថែមទៀត ដើម្បីរក្សាតម្លៃឲ្យបានល្អប្រសើរជូនប្រជាកសិករ។

ដោយឡែកសម្រាប់លោកឧកញ៉ា ភួ ពុយ ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ថា លោកបានចុះតាមឃុំស្រុក នៅទូទាំងខេត្តបាត់ដំបង នឹងបានផ្សព្វផ្សាយជូនដល់ប្រជាកសិករ អំពីការប្រមូលទិញស្រូវរបស់ពួកគាត់ ស្រូវសើមដល់ស្រែតម្លៃចាប់ពី៧.៥បាត [ក្នុង១គីឡូក្រាម] ឡើងទៅ ដែលមានតម្លៃចាប់ពី៩៧ម៉ឺនរៀល ដល់ជាង១លានរៀលក្នុង១តោន។

លោកថា តម្លៃនេះជាតម្លៃមួយដែលពលរដ្ឋទទួលយកបាន ហើយពួកគាត់ [កសិករ] បានបង្ហាញនូវក្តីសប្បាយរីករាយ ដែលតម្លៃស្រូវរបស់ពួកគាត់លក់បានក្នុងតម្លៃនេះ។

លោកឧកញ៉ាបញ្ជាក់ថា «ខ្ញុំបានចុះផ្សព្វផ្សាយដល់បងប្អូនប្រជាលរដ្ឋ ដែលស្រូវសែនក្រអូបរបស់ពួកគាត់ចាប់ផ្តើមដល់នោះ ថាយើងនឹងជួយប្រមូលទិញស្រូវរបស់ពួកគាត់ក្នុងតម្លៃចាប់ពី៧.៥បាតឡើងទៅ កុំឲ្យវាចុះថ្លៃជាងនេះ ដែល៧.៥បាតស្មើនឹង៩៧ម៉ឺនរៀល សម្រាប់ស្រូវសើមនៅនឹងស្រែ ដែលពីមុនចុះមកត្រឹម៦.៨បាត។ ឥឡូវនេះយើងបានផ្សព្វផ្សាយហើយ និងចាប់ផ្តើមទិញហើយ គាត់ក៏សប្បាយចិត្ត ក៏អបអរសាទរ»។

លោកបន្តថា «នៅពេលយើងចាប់ទិញក្នុងតម្លៃនេះហើយ តែស្ថានភាពមានការប្រកួតប្រជែងមានការទិញក្នុងតម្លៃខ្ពស់ជាងនេះ គឺជាការល្អសម្រាប់ពួកគាត់ តែយើងទប់មិនឲ្យចុះក្រោមតម្លៃ ៧.៥បាតក្នុង១គីឡូក្រាមទេ។ តម្លៃនេះ គឺសមស្របទៅនឹងទីផ្សារបរទេស ដែលយើងអាចលក់ចេញបាន។

លោក ភួ ពុយ បានវាយតម្លៃថា នៅក្នុងរដូវប្រមូលផលស្រូវសែនក្រអូប ដែលទើបចូលមកដល់នេះ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ អាចមានបរិមាណជង២០ម៉ឺនតោន ខណៈខេត្តពោធិ៍សាត់មានតិចតួចប៉ុណ្ណោះ។

លោកឧកញ៉ាបញ្ជាក់ទៀតថា កត្តាដែលធ្វើឲ្យតម្លៃស្រូវរើបឡើងវិញនេះ ដោយសារមានការទម្លាក់កញ្ចប់ថវិកាពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងមួយវិញទៀត រោងម៉ាស៊ីនកិនស្រូវ ចាប់ផ្តើមលក់ចេញបង្វល់បានថវិកា ក្នុងការចាប់ផ្តើមទិញបន្ថែមទៀត។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌល និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់រោងម៉ាស៊ីនកិនស្រូវទាំងអស់នៅកម្ពុជា សូមមេត្តាកុំទម្លាក់តម្លៃស្រូវ របស់ប្រជាពលរដ្ឋ ពិសសក្នុងរដូវដែលប្រជាពលដ្ឋ កំពុងច្រូតកាត់ប្រមូលផលនេះ ដោយរាជរដ្ឋាភិបាលបានបញ្ចេញថវិកាចំនួន៥០លានដុល្លារ ដើម្បីជួយឲ្យម៉ាស៊ីនកិនស្រូវ មានលទ្ធភាពប្រមូលទិញស្រូវ។

សម្តេចតេជោ ក៏បានជំរុញឲ្យក្រសួងស្ថាប័នរួមមាន ក្រសួងកសិកម្ម, ក្រសួងសេដ្ឋកិច្ច, ក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ត្រូវពិនិត្យមើលបញ្ហាការធ្លាក់ ចុះនៃតម្លៃស្រូវ ឲ្យបានឆាប់ ព្រោះស្រូវរបស់កសិករ កំពុងមានចំនួនច្រើន ធ្វើយ៉ាងណាសម្រួលឲ្យបណ្ដាម៉ាស៊ីនកិនស្រូវ ទទួលការទិញស្រូវដោយតម្លៃសមរម្យ កុំទម្លាក់ថ្លៃជ្រុលហួស ដែលធ្វើឲ្យប្រជាកសិករជួបប្រទះការលំបាក។

លើសពីនោះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យធនាគារឯកជន ចូលរួមផ្តល់ឥណទានដល់វិស័យស្រូវអង្ករផងដែរ ដើម្បីជួយឲ្យស្រូវរបស់កសិករ មានតម្លៃល្អឡើងវិញ៕