(ភ្នំពេញ)៖ កម្លាំងនគរបាលនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវរថភ្លើង (K6) សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់។

លោកឧត្តមសេនីយ៍ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនការបង្ក្រាបគ្រឿងញៀន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្នុងប្រតិបត្ដិការចុះបង្ក្រាបនេះ កម្លាំងនគរបាលដកហូតបានវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ១៥កញ្ចប់, ជញ្ជឹង១គ្រឿង, ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀ៣ និងថង់ច្រកគ្រឿងញៀនមួយចំនួន, ដាវ១, ម៉ូតូ១១គ្រឿង, ម៉ូតូផាសអាប់ ៣គ្រឿង និងរថយន្តកូរ៉េប្រាំតោន ១គ្រឿង។

ក្រោយពីចុះប្រតិបត្ដិការរួចរាល់ តំណាងអយ្យការ បានសម្រេចឲ្យនាំខ្លួនជនសង្ស័យទាំង ៣០នាក់ យកមកនៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី៕