(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសមេដាយសហមេត្រីថ្នាក់មហាសេនា ជូនលោក Amjad Ali Sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ដែលចប់អាណត្តិបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។

ការបំពាក់គ្រឿងឥស្សរិយយសនេះ ធ្វើឡើងតាមរយៈឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅឯទីស្តីការក្រសួង។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា មូលហេតុនៃការបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រីថ្នាក់មហាសេនា ជូនលោក Amjad Ali Sher ដោយសារលោក មានគុណសម្បត្តិពីរយ៉ាងគឺ លោកជាឯកអគ្គរដ្ឋទូតផង និងជាព្រឹទ្ធទូតផង។

អ្នកនាំពាក្យក្រសួងការបរទេស បានបន្តថា ក្នុងនាមជាព្រឹទ្ធទូត ឬហៅថា ទូតដែលកាន់តំណែងយូរជាងគេ ក្នុងចំណោមទូតទាំងអស់នៅកម្ពុជា លោកAmjad Ali Sher បានខិតខំពន្យល់ពីការអភិវឌ្ឍលើគ្រប់វិស័យ និងទំនាក់ទំនងវប្បធម៌ ពីប្រទេសកម្ពុជាដល់បណ្តាទូតផ្សេងៗឲ្យបានយល់។ ដូចនេះហើយ ទូតដែលមកថ្មីតែងតែទៅសម្តែងការគួរសម ជាមួយព្រឹទ្ធទូតរូបនេះមុនគេ។

លើសពីនេះទៅទៀត ក្នុងតំណែជាឯកអគ្គរដ្ឋទូត ជាង៦ឆ្នាំនេះ លោកបានខិតខំប្រឹងប្រែង ធ្វើឲ្យមានលក្ខណៈល្អប្រសើរពីមួយឆ្នាំទៅមួយ នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងផ្នែកការទូត ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។

លោក កុយ គួង បញ្ជាក់ថា៖ «ជាពិសេសពេលខាងមុខទៀត លោកនឹងជំរុញឲ្យមានការផ្លាស់ប្តូរផ្នែកវប្បធម៌ រវាងប្រទេសទាំងពីរ ជាពិសេសជំរុញឲ្យមានធម្មយាត្រា ឬក៏គណៈប្រតិភូអ្នកកាន់ព្រះពុទ្ធសាសនា ជាពិសេសព្រះសង្ឃ ពីប្រទេសកម្ពុជាទៅប៉ាគីស្ថាន ទោះបីជាប៉ាគីស្ថាន ដែលមានឈ្មោះថា សាធារណរដ្ឋអ៉ីស្លាម ប៉ុន្តែមានបូជនីយដ្ឋានព្រះពុទ្ធសាសនា ជាច្រើនកន្លែងផងដែរ»។

ក្រោយបំពាក់គ្រឿងឥស្សរិយយសរួច លោក Amjad Ali Sher បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស ដែលបានបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេនាជូនលោក។ លោកចាត់ទុកថា នេះជាមហាកិត្តិយស និងការឲ្យតម្លៃខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះការងារកន្លងមក ដែលលោកបានខិតខំប្រឹងប្រែង ដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពប្រសើរឡើង៕