(កណ្តាល)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេតេជោ ហ៊ុន សែន បានយកចិត្តទុកគិតគូរ និងដោះស្រាយគោលនយោបាយលើកទឹកចិត្តជាច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងកិត្តិយសនៃការបំពេញតួនាទី និងភារកិច្ចបស់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ។

ការបញ្ជាក់បែបនេះរបស់លោកឧត្តសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលលោកឧត្តមសេនីយ៍ឯក បានអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងពិធីប្រកាសតែងតាំងមុខងារនាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករង ខេត្តកណ្តាល នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ។

ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគពិសេស ព្រមទាំងគ្រប់បណ្តាកងឯកភាពចំណុះ និងដោយឡែកតំបន់ប្រតិបត្តិការសឹករង ខេត្តកណ្តាល ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងប្រមូលផ្តុំអនុវត្តតួនាទី និងភារកិច្ច សម្រេចបានស្នាដៃ និងលទ្ធផលការងារស្នូលសំខាន់ៗជាច្រើន ធានាបាននូវប្រៀបការពារជាតិ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការជ្រើសរើសថ្នាក់ដឹកនាំអង្គភាព ពោលគឺមេបញ្ជាការ ឬនាយសេនាធិការ បានត្រឹមត្រូវ គឺជាកត្តាធានាបាននូវសាមគ្គីភាព, ឯកភាពផ្ទៃក្នុង និងប្រសិទ្ធភាពការងារបានល្អ ហើយមិនមែនជាការផ្ទេរសិទ្ធអំណាចនោះទេ ប៉ុន្តែជាការផ្ទេរការទទួលខុសត្រូវបន្តពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពនៃការបំពេញតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ដូច្នេះ ការដំឡើងឋានៈ និងតែងតាំងមុខងារ កម្រិតថ្នាក់បញ្ជាការនេះ គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំកងទ័ពជើងគោក ស្របនឹងគោលការណ៍ច្បាប់ជាធរមាន ជាពិសេសការវាយតម្លៃអំពីឆន្ទៈ សមត្ថភាព អតីតភាពការងារ ចំណេះដឹង បទពិសោធន៍ សីលធម៌ ភាពតស៊ូអំណត់ព្យាយាម និងឥរិយាបទទទួលខុសត្រូវ ចំពោះការងាររបស់សាមីខ្លួននីមួយៗ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាក់ស្តែង ឆ្លងតាមដំណើរការ នៃការជ្រើសរើសយោធិនសព្វថ្ងៃនេះ មជ្ឈដ្ឋានមហាជន បានចាប់អារម្មណ៍ជាខ្លាំងលើការស្នើសុំចូលបម្រើ ក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការយល់ដឹង, ការគោរពស្រឡាញ់ និងការឱ្យតម្លៃលើកិត្តិយស និងសារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់កងទ័ពចំពោះជាតិមាតុភូមិ ជាតួនាទីប្រកប ដោយការលះបង់ និងការទទួលខុសត្រូវ ចំពោះអាយុជីវិតប្រជាជន និងជោគវាសនាប្រទេសជាតិ ដោយប្រើប្រាស់ចំណេះដឹងជំនាញដឹកនាំ, ចំណេះដឹងយុទ្ធសាស្ត្រ ចំណេះដឹងយុទ្ធវិធី ដែលទទួលបានពីការអប់រំហ្វឹកហ្វឺនដ៏ហ្មត់ចត់បំផុត។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏ផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវរក្សាភាពស្មោះត្រង់ ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ គោរពអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិកៈយោធា ច្បាប់រដ្ឋផ្សេងៗ និងបទបញ្ជា របស់រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ហើយត្រូវយកចិត្តទុកដាក់អនុវត្តការងារដឹកនាំគ្រប់គ្រង កម្លាំងឱ្យបានល្អ ចាត់តាំងប្រគល់ភារកិច្ចឱ្យសមស្របតាមជំនាញ ហើយក៏ត្រូវពង្រឹងផងដែរ លើការងារហ្វឹកហ្វឺន, ការងារបច្ចេកទេស, ការលើកស្ទួយជីវភាព និងសុខមាលភាពកងទ័ព និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗ៕