(ម៉ូស្គូ)៖ ឧទ្ធម្ភាគចក្រយោធារុស្ស៊ីមួយគ្រឿងធុន Mi-28 បានធ្លាក់នៅឯដែនដី ក្រាស្នូដា (Krasnodar) នៃភាគខាងត្បូងប្រទេសរុស្ស៊ី ដោយបានបណ្ដាលឱ្យអាកាសយានិកទាំងពីរនាក់ ដែលជិះនៅលើនោះបាត់បង់ជីវិត។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី ដកស្រង់ការផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមក្រសួងការពារជាតិរុស្ស៊ី ឧទ្ធម្ភាគចក្រយោធា Mi-28 មិនមានបំពាក់អាវុធអ្វីនោះទេ កំឡុងពេលហោះហើរ រីឯការធ្លាក់ក៏មិនបានបង្កឱ្យមានការបំផ្លិចបំផ្លាញណាមួយ ដល់អ្នកនៅលើដីនោះដែរ។ ប៉ុន្តែតួឧទ្ធម្ភាគចក្រយោធា បានរងការខ្ទេចខ្ទីស្ទើរតែទាំងស្រុង ហើយបើតាមសេចក្ដីរាយការណ៍បឋម មូលហេតុធ្លាក់ទំនងជាបណ្ដោលមកពីកំហុសរបស់ពីឡុត ឬកំហុសបច្ចេកទេស ខណៈក្រុមស៊ើបអង្កេតពិសេស ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ៕