(កណ្ដាល)៖ កម្លាំងនគរបាលខេត្តកណ្ដាល បានបើកប្រតិបត្តិការបំបែកសំណុំរឿងជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នា នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ និងរំដោះជនរងគ្រោះម្នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចរំដោះជនរងគ្រោះម្នាក់ជនជាតិចិន ឈ្មោះ តឹង ធៀនសឹង អាយុ១៨ឆ្នាំ មានទីលំនៅស្នាក់នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មុខរបរបុគ្គលិកផ្នែកព័ត៌មានវិទ្យា។

ដោយឡែក ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លូនទាំង៣នាក់នោះរួមមាន៖ ទី១៖ឈ្មោះ ស៊ាវ ជីវ័យ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ, ទី២៖ឈ្មោះ ចាង វ័យជី អាយុ១៩ឆ្នាំ និងទី៣៖ឈ្មោះ ចឹង វួយភីង អាយុ២៤ឆ្នាំ។ ក្នុងនោះ ដកហូតបានរថយន្ត០១គ្រឿង ម៉ាក Highlander ពណ៌ក្រហម ស្លាកលេខភ្នំពេញ2Z-5149, កាំបិតប៉័ងតោ, កូនកាំបិតចុងស្រួច, កាំបិតមុខពីរ, កាំបិតកៃពីរ+កន្ត្រៃ, លិខិតឆ្លងដែន ចំនួន០២ច្បាប់, ទូរស័ព ០៣គ្រឿង, កាបូបដៃ, កាតធនាគារ (ATM) ចំនួន១០សន្លឹក, ប័ណ្ណសម្គាល់ខ្លួន ចំនួន០២សន្លឹក, លិខិតជួលរថយន្ដ ចំនួន០១ច្បាប់។

លោកឧត្តមសេនីយ៍ស្នងការ បានរៀបរាប់អំពីសភាពការណ៍រឿងហេតុថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ តឹង ធៀនសឹង ចេញពីធ្វើការវិញ ហើយរកបាយហូបរួចពេលដើរត្រឡប់មកបន្ទប់ជួលវិញ ក៏ត្រូវបានក្រុមជនសង្ស័យទាំង០៣នាក់ ដែលជាជនជាតិចិនដូចគ្នា បានជិះរថយន្តម៉ាក Highlander មកដល់រួចយកកាំបិតភ្ជង់គំរាម ហើយចាប់ទាញចូលទៅក្នុងរថយន្ត រួចបានយកម៉ាស់មកបិទមុខជនរងគ្រោះ រួចចាប់រំ ចងដៃជើង ជនរងគ្រោះហើយបានទាក់ទង ទៅម្ដាយរបស់ជនរងគ្រោះ ជំរិតទារយកប្រាក់ចំនួន២០០.០០០ យ័ន (ប្រាក់ចិន) ប្រមាណជិត ៣ម៉ឺនដុល្លារ ជាថ្នូនៃការដោះលែង។

បន្ទាប់មកក៏ព្រមព្រៀងគ្នានូវទឹកប្រាក់ចំនួន ៥០.០០០យ័ន ជាថ្នូរនៃការដោះលែង។ បន្ទាប់ពីទទួលបានប្រាក់ពីម្ដាយជនរងគ្រោះ ផ្ញើមកបានហើយជនសង្ស័យទាំង០៣នាក់ខាងលើ បាននាំជនរងគ្រោះធ្វើដំណើរមកភ្នំពេញវិញ ពួកគេបានផ្ដល់សេរីភាពឲ្យជនរងគ្រោះចុះពីលើរថយន្ត តែខណៈនោះជនរងគ្រោះ ពុំហ៊ានចុះទេ ដោយខ្លាចពួកគេសម្លាប់ចោលពេលនោះ តែបែរធ្វើជាសុំនៅជាមួយដើម្បីរកពេលវេលាល្អ ដើម្បីរត់គេច និងប្ដឹងសមត្ថកិច្ច។

លុះនៅវេលាកើតហេតុខាងលើ ជនសង្ស័យទាំង០៣នាក់ខាងលើ បាននាំជនរងគ្រោះជិះរថយន្តមកកាន់ភូមិជ្រៃធំឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីរកគោលដៅចាប់ជំរិតទៀត តែពេលពួកគេកំពុងតែនៅអង្គុយក្នុងរថយន្ត ស្រាប់តែជនរងគ្រោះបានឃើញសមត្ថកិច្ច ដើរមកក្បែររថយន្ត ពេលនោះ រូបគេក៏បានយកទូរស័ព្ទមកសរសេរអក្សរចិន ដែលមានបកប្រែជាភាសារខ្មែរ នៅខាងក្រោមថា «ជួយសង្គ្រោះខ្ញុំ ពួកគេជាអ្នកចាប់ពង្រត់» ធ្វើជាសញ្ញាឲ្យនគរបាលដែលដើរមកត្រួតពិនិត្យរថយន្តបានឃើញ ខណៈនោះនគរបាលដែលមានការសង្ស័យលើរថយន្តនោះស្រាប់ ហើយបានឃើញ ការឲ្យសញ្ញារបស់ជនរងគ្រោះ ពេលនោះក៏បានចូលទៅចាប់ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ ខាងលើ រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕