(ស្វាយរៀង)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចស្ដីពីការតែងតាំងលោក សុខ សាគុន ជាប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តស្វាយរៀង និងលោក មុំ ពណ្ណារាយ ជាអនុប្រធាន។ ចំណែកលោក ឯម សុត អតីតប្រធានដែលចូលនិវត្តន៍ ត្រូវបានតែងតាំងជាជំនួយការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យប្រចាំការនៅលេខាធិការដ្ឋានរៀបចំ ការបោះឆ្នោតខេត្តស្វាយរៀង។

ពិធីប្រកាសតែងតាំងប្រធាន-អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តស្វាយរៀងនេះ បានប្រព្រឹត្តិទៅនៅសាលប្រជុំអគារ «ខ» សាលាខេត្ត ក្រោមអធីបតីភាពលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត និងលោក ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះដែរ លោកសេង សីលា បានវាយតម្លៃខ្ពស់ប្រកបដោយសុទិដ្ឋិនិយម ចំពោះស្មារតីដឹកនាំគ្រប់គ្រង របស់លោក ឯម សុត អតីតប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំបំពេញភារកិច្ចក្នុងការទទួលខុសត្រូវខ្ពស់ មានកិច្ចសហការល្អ ជាមួយគណបក្សនយោបាយ អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ធ្វើឱ្យការបោះឆ្នោតគ្រប់អាណត្តិប្រព្រឹត្តទៅដោយរលូន។ លោកចាត់ទុកការលះបង់ និងការខិតខំប្រឹងប្រែងនេះ ជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម សម្រាប់ប្អូនៗជំនាន់ក្រោយ ដែលជាអ្នកបន្តវេន រៀនសូត្រតាម។

លោក ឯម សូផាត បានថ្លែងថា នេះជាលើកទីមួយហើយ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើពិធីប្រកាសដាក់ឱ្យបញ្ចប់ មុខតំណែងប្រធាន-អនុប្រធាន និងលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ដោយសារការដល់អាយុចូលនិវត្តន៍ របស់ពួកគាត់ ហើយបានធ្វើការតែងតាំងប្រធាន-អនុប្រធានថ្មីជំនួស ព្រោះថានៅមុនឆ្នាំ២០១៦ មន្ត្រី បុគ្គលិកបម្រើការងារនៅអគ្គលេខាធិការដ្ឋានគជប និងនៅលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត គឺសុទ្ធតែមន្ត្រីកិច្ចសន្យាទាំងអស់ ហើយទើបតែត្រូវបានធ្វើសមាហរណកម្ម ចូលក្នុងលក្ខន្តិកៈ ដោយឡែកនៃក្របខណ្ឌមន្ត្រីរាជការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងឆ្នាំ២០១៦ កន្លងមកនេះ។

លោកបន្តទៀតថា ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍របស់ពួកគាត់ត្រូវបានរក្សាទុកជាធនធានមនុស្ស តាមរយៈការតែងតាំង ជាជំនួយការប្រចាំការ នៅតាមបណ្ដាលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តនីមួយៗ។ លោកក៏បានផ្ដាំផ្ញើដល់ប្រធាន និងអនុប្រធាន ដែលទើបតែងតាំងថ្មីនេះ លើកកម្ពស់សមត្ថភាពបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ស្របតាមច្បាប់ស្ដីពី ការបោះឆ្នោត ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ៕