(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានលើកពីសក្តានុពលរបស់កម្ពុជា ប្រាប់ដល់ក្រុមប្រតិភូវិនិយោគិនជប៉ុន ដោយបានបញ្ជាក់ជូនយ៉ាងច្បាស់លាស់ថា «បើអ្នកចូលមកកម្ពុជា ដើម្បីទស្សនកិច្ច អ្នកនឹងទទួលបានសុវត្ថិភាព តែបើចូលមកវិនិយោគ អ្នកនឹងទទួលបានលក្ខខណ្ឌវិនិយោគល្អបំផុតពីកម្ពុជា»

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត អ៉ិន ចាន់នី ធ្វើឡើងក្នុងឱកាសលោកបណ្ឌិត អញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចជំនួបធុរកិច្ចរវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន ដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន ដែលរៀបចំឡើងនៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

លោក អ៉ិន ចាន់នី បញ្ជាក់ជូនវិនិយោគិនជប៉ុនយ៉ាងដូច្នេះថា «លោក-លោកស្រី បានធ្វើការសម្រេចចិត្តត្រឹមត្រូវ ក្នុងការបណ្តាក់ទុនវិនិយោគ នៅលើទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលជាទីកន្លែងផ្តល់នូវសុខសន្តិភាពពេញលេញ និងសំបូរបែប។ ប្រសិនបើលោក-លោកស្រី មកទស្សនកិច្ចជាលក្ខណៈទេសចរណ៍ លោក-លោកស្រី នឹងទទួលបានសុខសុវត្ថិភាពខ្ពស់ តែប្រសិនបើលោក-លោកស្រី មកក្នុងគោលបំណងវិនិយោគ គឺជាជម្រើសដ៏ត្រឹមត្រូវ ដែលព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់ជូននូវលក្ខខណ្ឌវិនិយោគ ដ៏ល្អបំផុតជូនដល់វិនិយោគិនដូចជា៖ កត្តានយោបាយ សេដ្ឋកិច្ច និងសេ្ថរភាពសង្គមជាដើម»

លោកបណ្ឌិតបន្តថា យោងតាមរបាយការណ៍ របស់ធនាគារពិភពលោក ដែលបានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេស Olympia growth ដោយសារព្រះរាជាណាចក្រកម្ពុជា មានស្ថេរភាពកំណើនសេដ្ឋកិច្ចខ្លាំង ក្នុងចំណោមប្រទេសទាំង០៦ នៅក្នុងពិភពលោកដោយមាន កំណើន GDP ជាមធ្យមប្រមាណ ៧,៨% សម្រាប់ពីរទសវត្សរ៍ចុងក្រោយ ហើយក៏នៅតែបន្តកើនឡើងក្នុងឆ្នាំខាងមុខផងដែរ។

ជាមួយគ្នានេះ លោក អ៉ិន ចាន់នី ចាត់ទុកជំនួបធុរកិច្ចរវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន ដែលរៀបចំសហការពីសមាគមន៍ជប៉ុន-កម្ពុជា និងធនាគារ អេស៊ីលីដា នៅធនាគារអេស៊ីលីដានេះ ជំនួបធុរកិច្ចដ៏មានសំខាន់ នឹងបើកឱកាសដល់ ភាគីវិនិយោគិនកម្ពុជា និងជប៉ុន ដើម្បីធ្វើការណែនាំ និងស្វែងរកអត្ថប្រយោជន៍រួម នៃការស្វែងរកដៃគូវិនិយោគដ៏មានសក្តានុពលនេះ។

សូមជម្រាបថា ជំនួបធុរកិច្ចនេះ មានការចូលរួមពីសំណាក់ វិនិយោគិនពហុវិស័យ រួមមានវិស័យ៖ វិស័យអភិវឌ្ឍ សំណង់ និងប្រឹក្សាយោបល់ ការគ្រប់គ្រងធុរកិច្ច ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន អាហារសុខភាព ខូសមេទិក ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មលើទីផ្សារ សេវាសុខាភិបាល គ្រឿងសង្ហារឹម កសិកម្ម ហាងលក់វត្ថុបុរាណ នីហរ័ណ-អាហរ័ណ ក្រុមហ៊ុនដឹកជញ្ជូន អចលនទ្រព្យ ហិរញ្ញវត្ថុ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ជាដើម៕