(ភ្នំពេញ)៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្ត និងអំពាវនាវដល់អ្នកវិនិយោគជប៉ុនឱ្យវិនិយោគនៅកម្ពុជា ដើម្បីទទួលបានផលចំណេញ។ ដើម្បីទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគជប៉ុន លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកបង្ហាញពីឱកាស និងសក្តានុពលជាច្រើនរបស់កម្ពុជា ដែលជាអំណោយផលខ្ពស់សម្រាប់ការវិនិយោគ។

ការអំពាវនាវរបស់លោក ប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងពេលរូបលោកទទួលជួបគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ។ គណៈប្រតិភូសមាគមជប៉ុន-កម្ពុជានេះ ដឹកនាំដោយលោក តាកាហាឈី ហ្វូមីអាគី (Takahashi Fumiaki) អមដោយតំណាងក្រុមហ៊ុន និងអ្នកវិនិយោគសរុបប្រមាណ ១៧រូប។

នៅក្នុងជំនួបនេះលោក ប៉ាន សូរស័ក្តិ បានរំលឹកដល់អ្នកវិនិយោគជប៉ុនថា រាជរដ្ឋាភិបាលបានធ្វើការកំណែទម្រង់ជាច្រើន ដើម្បីជ្រោមជ្រែងធុរកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង។ ក្នុងងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើកំណែទម្រង់ ១២ចំណុចធំៗ នៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៨ កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ កំណែទម្រង់ទាំងនោះ ដើម្បីធានាឱ្យកម្ពុជាជាទិសដៅវិនិយោគមួយដ៏មានការទាក់ទាញ ក៏ដូចជាពង្រឹងកិច្ចសម្រួលពាណិជ្ជកម្មដល់ក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តអ្នកវិនិយោគជប៉ុន ឱ្យវិនិយោគបន្ថែមទៀតលើវិស័យកែច្នៃម្ហូបអាហារ និងកសិផល, អេកូទេសចរណ៍, កម្មន្តសាលដែលមានតម្លៃខ្ពស់ និងអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលនឹងអាចនាំមកផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ទៅសមាគមជប៉ុន-កម្ពុជា ក៏ដូចជាអ្នកវិនិយោគជប៉ុនថា ការវិនិយោគនៅប្រទេសកម្ពុជា មិនមែនបម្រើតែទីផ្សារកម្ពុជាប៉ុណ្ណោះទេ។ តែបម្រើដល់ទីផ្សារអាស៊ី អឺរ៉ុប អាមេរិក និងទីផ្សារដទៃទៀត តាមរយៈការធ្វើសមាហរណកម្មរបស់កម្ពុជាទៅកាន់ទីផ្សារទាំងនោះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី និងទ្វេភាគីនៅពេលអនាគត។

លោករដ្ឋមន្ត្រី ក៏បានសម្ដែងសេចក្ដីរីករាយចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ដែលជាវិនិយោគិនឈានមុខគេមួយនៅកម្ពុជា។

តបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិនោះ លោក តាកាហាឈី ហ្វូមីអាគី បានលើកឡើងថា សមាគមជប៉ុន-កម្ពុជា នឹងបន្តផ្សព្វផ្សាយពីកម្ពុជាទៅកាន់សមាជិកបន្ថែមទៀត ឱ្យយល់រឹតតែច្បាស់អំពីកម្ពុជា និងទាក់ទាញសហគ្រាសធុនតូច និងមធ្យមជប៉ុន ដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីមកវិនិយោគ និងផ្ទេរចំណេះដឹងមកកម្ពុជា។

ជាមួយគ្នានេះតំណាងក្រុមហ៊ុនមួយចំនួន ដែលបានចូលជួបពិភាក្សាការងារនេះ បានបង្ហាញគម្រោងដែលពួកគេគ្រោងវិនិយោគផងដែរ មានដូចជា វិស័យថាមពល សូត្រ និងគ្រឿងសម្អាងធ្វើពីដង្កូវនាង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកជាដើម។

សូមបញ្ជាក់ថា ជប៉ុនជាដៃគូពាណិជ្ជកម្មធំមួយរបស់កម្ពុជា។ នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានទឹកប្រាក់ជាង ១,៥៨៨លានដុល្លារអាមេរិក។ កម្ពុជា នាំចេញទៅជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ១,០៧៩លានដុល្លារអាមេរិក។ កម្ពុជា នាំចូលពីជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ៥០៩លានដុល្លារអាមេរិក។

សម្រាប់ការវិនិយោគវិញ បានបង្ហាញថា គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២.៥ពាន់លានដុល្លារអាមេរិក។ ការវិនិយោគនេះផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។

ក្រៅពីគម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនទាំងតូច ទាំងធំប្រមាណ ១,៧០០ ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យជាច្រើន ដូចជា៖ វិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋាន ជាដើម។ ចំពោះវិស័យធនាគារ បច្ចុប្បន្នមានធនាគារដែលមានភាគហ៊ុនជប៉ុនចំនួន៦ កំពុងមានប្រតិបត្តិការនៅកម្ពុជា៕