(ភ្នំពេញ)៖ ជនសង្ស័យក្នុងករណីជួញដូរគ្រឿងញៀនម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប និងឃាត់ខ្លួនបាន ជាមួយថ្នាំញៀន៧កញ្ចប់ ស្មើនឹងជិត៥០ក្រាម។

លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១១ ខែធ្នូនេះថា ជនសង្ស័យមានឈ្មោះ ភិន សុខា អាយុ១៩ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ។

លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ ជនសង្ស័យមានគ្នា២នាក់ ត្រូវបានសមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីង ហើយជនសង្ស័យបានវាយមកលើសមត្ថកិច្ចផងដែរ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតរត់រួចខ្លួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបញ្ជូន ទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿង បន្តទៅតុលាការតាមនីតិវិធី៕