(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនដៃដល់ ដែលប្រើហិង្សាវាយកាប់ចាក់ ក្នុងរោងការចំនួន២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យដែលត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ ត្រូវគេរាយការណ៍មកថា មានម្នាក់ គឺជាសាមីខ្លួនកូនកំលោះ និងម្នាក់ទៀត គឺជាភ្ញៀវខាងកូនកំលោះ។ ចំណែកជនសង្ស័យ៤នាក់ទៀត កំពុងរត់គេចខ្លួន។

ពាក់ព័ន្ធករណីនេះ ប្រភពព័ត៌មានបានឲ្យដឹងថា អធិការខណ្ឌព្រែកព្នៅ ព្យាយាមលាក់បាំងព័ត៌មាន និងមិនព្រមឆ្លើយតបនឹងសំណួររបស់អ្នកកាសែតនោះទេ ដោយរុញឲ្យគ្នាឆ្លើយទៅវិញទៅមក។ ជុំវិញករណីនេះ អ្នកកាសែតបានព្យាយាមទាក់ទង សុំការបញ្ជាក់ពីលោកវរសេនីយត្រី យឹម សារ៉ាត់ អធិការរងទទួលបន្ទុកយុត្តិធម៌ ប៉ុន្តែលោកឲ្យសួរទៅលោក សូត្រ ពិសិដ្ឋ ប្រធានផ្នែកសេនាធិការ នៃអធិការនគរបាលខណ្ឌព្រែកព្នៅ។

ចំណែកលោក សូត្រ ពិសិដ្ឋ ប្រធានផ្នែកសេនាធិការ បានរុញអ្នកកាសែតឲ្យទៅសាកសួរ លោកវរសេនីយឯក ឈិន គឹមធុយ អធិការខណ្ឌព្រែកព្នៅ។ លោកបានប្រាប់អ្នកកាសែតថារឿងនេះ មិនទាន់ចប់ ហើយលោកបានសួរទៅមេ (អធិការ) តែមិនទាន់បានឆ្លើយសំណួរនេះទេ ហើយលោកក៏បិទទូរស័ព្ទ។ ដោយឡែក លោកវរសេនីយឯក ឈិន គឹម ធុយ អធិការខណ្ឌព្រែកព្នៅ មិនអាចសុំការសាកសួរ បានទេនៅសៀលថ្ងៃនេះ។

សូមជម្រាបជូនថា ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពយកពូថៅ កាប់លើជនរងគ្រោះជាភ្ញៀវកូនក្រមុំបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់យ៉ាងធ្ងន់ធ្ងរ កាលពីកាលពីយប់ថ្ងៃទី០៨ ខែធ្នូឆ្នាំ២០១៩ នៅចំណុចភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ភាគីបង្ក គឺជាក្រុមភ្ញៀវខាងកូនកំលោះដែលមកពីខេត្តកំពត មកចូលរួមពិធីមង្គលការនៅចំណុចកើតហេតុខាងលើ លុះមកដល់ពេលកើតហេតុ ថ្ងៃទី៨ ខែឆ្នាំដដែល ត្រូវនឹងថ្ងៃហូបការ ពេលនោះភាគីបង្កខាងកូនកំលោះបាននាំគ្នាយកពូថៅ កាប់លើភាគីខាងកូនក្រមុំបណ្ដាលឲ្យបុរសម្នាក់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ នៅពេលពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ហើយបក្ខពួកផ្សេងវានរត់គេចខ្លួនអស់៕