(ភ្នំពេញ)៖ កាលពីចុងសប្តាហ៍ សិស្សវិទ្យាល័យឆ្នើមកម្ពុជាចំនួន ២០នាក់ ទទួលបានអាហារូបករណ៍ SmartEdu ដែលជួយបង់ថ្លៃការសិក្សានៅសាកលវិទ្យាល័យ និងមានផ្ដល់ថវិកាចំណាយប្រចាំខែរហូតដល់ពួកគេបញ្ចប់ការសិក្សា។

ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាពរបស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ជុន វ៉ាត ប្រធានលេខាធិការដ្ឋាននៃមូលនិធិ កសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវ។

នេះគឺជាឆ្នាំទី៤ នៃក្រុមសិស្សវិទ្យាល័យដែលទទួលបានអាហារូបករណ៍ SmartEdu ចាប់តាំងពីឆ្នាំ២០១៦ មក។ ឥឡូវនេះមាននិស្សិតកម្ពុជា ៧០នាក់ ទទួលបានអាហារូបករណ៍ពីកម្មវិធីនេះ ដែលមានតំលៃរហូតដល់ ១៥,០០០ដុល្លារ សម្រាប់អាហារូបករណ៍នីមួយៗ។

កម្មវិធីអាហារូបករណ៍នេះចាប់ផ្តើមឡើងដោយផ្ដល់អាហារូបករណ៍ចំនួន១០កន្លែង ហើយចំនួនអាហារូបករណ៍ត្រូវបានបង្កើន១០កន្លែងបន្ថែមទៀត ក្នុងឆ្នាំ២០១៧ សម្រាប់សិស្សដែលចង់បន្តការសិក្សានៅ វិទ្យាស្ថានជាតិ ប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា (NIPTICT) តាមរយៈការចូលរួមវិភាគទានរបស់ក្រុមហ៊ុន Smart ក្នុងមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់រាជរដ្ឋាភិបាល។

និស្សិតអាហារូបករណ៍ SmartEdu ឆ្នាំទី១ នឹងបញ្ចប់ការសិក្សានៅពាក់កណ្ដាលឆ្នាំក្រោយ ហើយកំពុងត្រៀមចាប់យកអាជីពជោគជ័យ។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានឱ្យដឹងថា៖ «យើងសូមអបអរសាទរ និងស្វាគមន៍និស្សិតអាហារូបករណ៍ SmartEdu ឆ្នាំទី៤ មុនពេលចាប់ផ្តើមដំណើរសិក្សានៅសាកលវិទ្យាល័យពួកគេ ហើយយើងពិតជារីករាយ ដែលបានឃើញក្រុមនិស្សិតអាហារូបករណ៍ SmartEdu ដំបូងបង្អស់របស់យើងនៅថ្ងៃនេះ មានភាពចាស់ទំុជាងកាលពីរ ឫបីឆ្នាំមុខ ប៉ុន្តែក៏ត្រៀមខ្លួនសម្រាប់អាជីពក្នុងពិភពការងារផងដែរ»

លោក ថូម៉ាស បានបន្ថែមថា៖ «ការផ្តល់ឱកាសសម្រាប់យុវជនកម្ពុជា ដែលមានជីវភាពខ្វះខាត ដើម្បីបន្តការសិក្សាគឺជាកិត្តិយស ដ៏ពិតប្រាកដសម្រាប់ពួកយើងនៅក្រុមហ៊ុន Smart ហើយយើងក៏ព្យាយាមស្វែងរកឱកាសបន្ថែមសម្រាប់អ្នកមានជីវភាពខ្វះខាត ដើម្បីជួយលាតត្រដាងទេពកោសល្យនិងជំនាញរបស់ពួកគេដែល ប្រហែលជាពួកគេមិនបានដឹងពីមុនមក»

ជយលាភីអាហារូបករណ៍ SmartEdu ឆ្នាំមុនៗក៏បានចូលរួមអបអរសាទរ និងស្វាគមន៍និស្សិតថ្មីចំនួន២០នាក់ផងដែរ ដែលក្រោយបញ្ចប់កម្មវិធីពួកគេបានធ្វើដំណើរជាមួយនិស្សិតអាហារូបករណ៍ផ្សេងទៀត ដើម្បីចូលរួមសិក្ខាសាលាបំប៉នជំនាញកម្មវិធី SmartEdu នៅឯរមណីយដ្ឋាន វីគីរីរម្យ ( vKirirom)។

លុយ លីស៊ាំង និស្សិតជយលាភីអាហារូបករណ៍ឆ្នាំទី១ បានឲ្យដឹងថា៖ «អាហារូបករណ៍នេះ មិនត្រឹមតែផ្តល់ឱ្យខ្ញុំនូវឱកាសសិក្សារដោយឥតគិតថ្លៃ និងថវិកាប្រចាំខែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យខ្ញុំនូវឱកាសដើម្បីចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ជាច្រើនទៀត»

សិក្ខាសាលាបំប៉នជំនាញកម្មវិធី SmartEdu នេះផ្ដល់ឲ្យខ្ញុំនូវកម្មវិធីអ្នកណែនាំអាជីព និងជម្រុញឱ្យខ្ញុំកាន់តែជិតទៅនឹងការងារនាពេលអនាគតរបស់ខ្ញុំ បន្ទាប់ពីខ្ញុំបញ្ចប់ការសិក្សានៅខែមិថុនាខាងមុខ។ ខ្ញុំទន្ទឹងរង់ចាំចូលរួមជាមួយក្រុមហ៊ុន Smart ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិវិញ»។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីកម្មវិធី SmartEdu សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ https://www.smartedu.com.kh!