(ភ្នំពេញ)៖ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ដមួយគ្រឿង នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅ ចំណុចបន្ទប់ជួលលេខ១១ ស្ថិតក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានបញ្ជូនទៅតុលាការ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

មន្ដ្រីអាវុធហត្ថ បានឲ្យដឹងថា ការស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យខាងលើ គឺធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ខា ស្រីអូន អាយុ៣៧ឆ្នាំ ដែលបានបាត់រថយន្តមួយគ្រឿង ម៉ាក HYUNDAI MIGHTY (ប្រភេទដឹកទំនិញ២.៥តោន) ពណ៌ស ផលិតឆ្នាំ២០០៥ កាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ក្រោយរោងចក្រកាណាឌីយ៉ា ម្តុំលក់ទឹកត្នោតជូរ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា រូបគេមានឈ្មោះ អែម ចាន់ឌី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នសា្នក់នៅបន្ទប់ជួល ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានលួចយករថយន្តខាងលើពិតប្រាកដមែន ដោយធ្វើសកម្មភាព តែម្នាក់ឯងប៉ុណ្ណោះ។ នៅពេលលួចបាន ខ្លួនយករថយន្តខាងលើមកប្លុងចោលនៅដីទំនេរមួយកន្លែង ខាងកើតវត្តអង្គតាមិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធី៕