(ភ្នំពេញ)៖ ផ្លូវបេតុង ២ខ្សែ ដែលលាតសន្ធឹងកាត់សង្កាត់គោកឃ្នៀង និងសង្កាត់ក្រាំងធ្នង់នៃខណ្ឌសែនសុខ បានស្ថាបនារួចរាល់ប្រមាណ ៨០% ហើយ ក្រោមការឧបត្ថម្ភពីបុរីភ្នំពេញថ្មីក្នុងទំហំទឹកប្រាក់ប្រមាណ ២លានដុល្លារ។ ទន្ទឹមជាមួយគ្នា មានប្រជាពលរដ្ឋជាច្រើនបានសាទរ ព្រោះផ្លូវនេះបានរួមចំណែកយ៉ាងច្រើន ក្នុងការសម្រួលចរាចរ ការរស់នៅ និងជំរុញជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែល្អប្រសើរ។

លោក ហែម សុគន្ធា ប្រជាពលរដ្ឋភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ដែលរស់នៅលើផ្លូវបេតុងថ្មីនេះបានបញ្ជាក់ថា កាលពីមុនផ្លូវនេះ ស្ថានភាពលំបាក ជង្ហុកជ្រៅៗ ពិបាកធ្វើដំណើរ ស្ទើរតែគ្មានអ្នកឆ្លងកាត់។ ដូច្នេះក្រោយស្ថាបនារួច លោករំពឹងថា នឹងក្លាយជាផ្នែកដ៏សំខាន់ ក្នុងការសម្រួលដល់ការរស់នៅ ការប្រកបមុខរបរផ្សេងៗ ពិសេសសម្រួលដល់ការធ្វើដំណើរ និងបញ្ជៀសការកកស្ទះ នៅតាមមហាវិថីមួយចំនួន។

លោកថា «ខ្ញុំសប្បាយចិត្ត ព្រោះពីមុនផ្លូវនេះពិបាកធ្វើដំណើរណាស់ ពិសេសខែភ្លៀវ។ ទើបតែពេលនេះ បុរីភ្នំពេញថ្មី បានមកធ្វើ និយាយរួមទៅចំណេញច្រើន សម្រាប់ប្រជាពលរដ្ឋ គឺមានផ្លូវល្អ ការដឹកជញ្ជូនផ្សេងៗ ដូចជាផលដំណាំបងប្អូនយើងដាំដុះបានក្នុងភូមិជាដើម។ តិចទៀត ខ្ញុំជឿថា នឹងកាន់តែអ៊ូអរ ហើយឡានធំៗអាចនឹងធ្វើដំណើរតាមនេះ ដើម្បីបញ្ជៀសចរាចរតាមផ្លូវមួយចំនួន ដូចជាផ្លូវសហព័ន្ធរុស្ស៊ីជាដើម»

ទន្ទឹមជាមួយគ្នា អ្នកនាង ជា សុភារុណ ប្រធានផ្នែកលក់ក្រុមហ៊ុនបុរីភ្នំពេញថ្មីបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅព្រលានយន្ដហោះ ផ្លូវហាណូយ ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងផ្សារទំនើបជាដើម គឺអាចធ្វើដំណើរតាមផ្លូវខាងលើបាន ដ្បិតបច្ចុប្បន្នផ្លូវបម្រើឲ្យប្រយោជន៍សាធារណៈនេះ ស្ថាបនាបានប្រមាណ ៨០% ហើយ ដែលមានប្រវែង ២,៧០០ម៉ែត្រ និងទទឹង ២០ម៉ែត្រឯណោះ។

ចំពោះការស្ថាបនាផ្លូវនេះ គឺស្របពេលក្រុមហ៊ុនបានសាងសង់គម្រោង «អេលីតផាក-១» ក្នុងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយឆាប់ៗខាងមុខ បន្ទាប់ពីក្រុមហ៊ុននឹងបើកលក់គម្រោង«អេលីតផាក-២» ក្រុមហ៊ុនក៏ត្រៀមបន្ដការអភិវឌ្ឍន៍ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបន្ថែមមួយចំនួន ដើម្បីរួមចំណែកក្នុងកិច្ចការសង្គម និងសម្រួលឲ្យប្រជាពលរដ្ឋ ក៏ដូចជាអតិថជនក្នុងការធ្វើដំណើរ និងរស់នៅផងដែរ៕