(ត្បូងឃ្មុំ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេស ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ អនុសាខាកាកបាទក្រហមស្រុកត្បូងឃ្មុំ បានកសាងអាគារមួយខ្នង និងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រមខេត្តត្បូងឃ្មុំ។

លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ ឲ្យដឹងថា អគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្បូងឃ្មុំ ដំណើរការសាងសង់ជាដំណាក់ការបន្តបន្ទាប់ រហូតរួចស្ថាពរនៅថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៩ អស់រយៈពេល ៣ខែ ២៦ថ្ងៃ ដោយចំណាយថវិកាអស់ជាង ២ម៉ឺនដុល្លារ ដែលទទួលបានពីបុណ្យផ្កាសាមគ្គី និងសប្បុរសជនគ្រប់ទិសទី ដែលជាទឹកចិត្តមិនអាចកាត់ថ្លៃបាន។ ក្នុងនោះ នៅខ្វះថ្លៃសម្ភារសាងសង់ជិត ២ពាន់ដុល្លារ និងខ្វះសម្ភារបរិក្ខារការិយាល័យដើម្បីធ្វើការផងដែរ។

ក្នុងឱកាសនោះលោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ជាការពិតប្រទេសជាតិយើង មានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ តែយ៉ាងណាប្រជាជនមួយចំនួននៅតែប្រឈម និងរងគ្រោះដោយសារគ្រោះ មហន្តរាយផ្សេងៗ ដែលចាំបាច់ត្រូវការជួយសង្រ្គោះភ្លាមៗ ឲ្យទាន់ពេលវេលា ហេតុនេះហើយទើបសាខាកាកបាទក្រហមខេត្ត បានបង្កើតឲ្យមានបណ្តាញ អ្នកស្ម័គ្រចិត្តគ្រប់ភូមិ/ឃុំ ដើម្បីត្រៀមប្រមូលព័ត៌មានអំពីបញ្ហារបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ ប្រយោជន៍ជួយពួកគាត់ឲ្យបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។ ជាក់ស្តែង នៅថ្ងៃនេះបានសម្ពោធអាគា អនុសាខាស្រុកត្បូងឃ្មុំ ដើម្បីបង្ករភាពងាយស្រួលដល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តទាំងអស់បម្រើការងារជូនប្រជាពលរដ្ឋ។

ជាមួយនឹងការលើកឡើងបែបនេះលោកបានបញ្ជាក់ដែរថា «សព្វថ្ងៃនេះប្រទេសជាតិយើងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ខណៈតាមផែនការយុទ្ធសាស្ត្រនៅឆ្នាំ២០៣០ ប្រទេសកម្ពុជា នឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយឆ្នាំ២០៥០ យើងនឹងក្លាយជាប្រទេសអ្នកមាន។ តែយ៉ាងណា ដើម្បីឲ្យប្រទេសជាតិទាំងមូលឈានដល់កម្រិតនោះ យើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ឲ្យបានដាច់ខាត ដោយកុំចាញ់ឧបាយកលជនអគតិមួយចំនួន ដែលព្យាយាម បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ»

លោកបានសង្ឃឹមយ៉ាងមុតមាំ ក៏ដូចជាជំរុញដល់សមាជិកសមាជិកាអនុសាខាកាកបាទក្រហមស្រុកត្បូងឃ្មុំទាំងអស់ បន្តចូលរួមលើការងារនេះឲ្យកាន់តែខ្លាំងក្លាទ្វេឡើងបន្ថែមទៀត បន្ទាប់ពីអាគារយ៉ាងថ្មីប្រណិតមួយខ្នងនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ។ ជាមួយគ្នានោះ ចំពោះថ្លៃសម្ភារសាងសង់ដែលនៅខ្វះប្រមាណជិត ២០០០ដុល្លារ លោក ជាម ច័ន្ទសោភ័ណ្ឌ និងលោកស្រី បានផ្ដល់ថវិការផ្ទាល់ខ្លួនដើម្បីបង្គ្រប់ ក៏ដូចជាផ្ដល់ជូនបន្ថែមនូវសម្ភារការិយាល័យមួយចំនួនរួមមាន កុំព្យូទ័រ តុ កៅអី ជាដើមផងដែរ។

ក្នុងពិធីនោះគណៈអធិបតី បានផ្តល់លិខិតសរសើរដល់ចៅអធិការតាមបណ្តាវត្តនានា ក្នុងស្រុកត្បូងឃ្មុំ និងនិមន្តព្រះសង្ឃ ១០០អង្គរាប់បាត្រ ដោយមានការចូលរួមពីយាយតា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕