(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យក្មួយៗនិស្សិត ដែលទទួលបានអាហារូបករណ៍ ពីរដ្ឋាភិបាលអូស្រ្តាលីចំនួន២១នាក់ ចូលជួបសម្តែងការគួរសម និងស្នើសុំការណែនាំ ចែករំលែកបទពិសោធន៍ មុនចេញដំណើរទៅបន្តការសិក្សានៅទីនោះ ក្នុងពេលឆាប់ៗខាងមុខ។

លោកស្រី សុខ ហេង តំណាងឲ្យនិស្សិត បានជម្រាបជូនលោករដ្ឋមន្ត្រី វេង សាខុន ជ្រាបថា ឆ្នាំ២០១៩ និស្សិតចំនួន២១នាក់ ត្រូវបានរដ្ឋាភិបាលអូស្រ្តាលី ធ្វើការជ្រើសរើសផ្តល់អាហារូបករណ៍ឲ្យ ទៅបន្តការសិក្សារៀនសូត្រ ថ្នាក់អនុបណ្ឌិតទៅតាមមុខជំនាញជាច្រើន ហើយពួកគាត់នឹងចេញ ដំណើរក្នុងពេលឆាប់ៗខាងមុខនេះ។

លោកស្រី សុខ ហេង បានបន្តទៀតថា និស្សិតទាំង២១នាក់នេះ ត្រូវបានជ្រើសរើសពីវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងមន្រ្តីដែលបម្រើការក្នុងក្រសួង និងស្ថាប័នរដ្ឋ។

លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវមោទនភាព និងចូលរួមអបអរសាទរចំពោះជ័យលាភី ដែលក្មួយៗទទួលបាន និងបានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពរបស់ក្មួយៗ ដែលបានបង្ហាញឲ្យឃើញ ពីសក្តានុពលយ៉ាងធំធេង អំពីចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ដ៏មានតម្លៃ សមស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្រ្តី វេង សាខុន បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ទាក់ទងនឹងការសិក្សារៀនសូត្រ ការធ្វើជាមន្រ្តីល្អ បុគ្គលល្អ ពលរដ្ឋល្អ និងជាពិសេសជាថ្នាក់ដឹក នាំល្អម្នាក់។

លោករដ្ឋមន្ដ្រី បានបង្ហាញឲ្យក្មួយៗ បានឃើញកាន់តែច្បាស់អំពីសមិទ្ធផល សំខាន់ៗតាំងពីក្រោយសង្គ្រាម រហូតមកទល់បច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេចបាន និងដំណើរការវិវឌ្ឍន៍រីកចម្រើន របស់ប្រទេសជាតិជាជំហានៗ ឆ្ពោះទៅអនាគតសមស្របតាមកំណើនសេដ្ឋកិច្ច សេចក្តីត្រូវការជាមូលដ្ឋាននៃកំណើនជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កំណើនប្រជាជន និងការប្រែប្រួល អាកាសធាតុ។

លោករដ្ឋមន្ត្រី វេង សាខុន បានបន្ថែមទៀតថា ក្មួយៗមានឱកាសបានសិក្សារៀនសូត្រ រហូតទទួលបានអាហាររូបករណ៍ ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី គឺមិនអាចកាត់ផ្តាច់បានពីតម្លៃនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលទទួលបានពីគោលនយោបាយ ឈ្នះ-ឈ្នះ រួមជាមួយការធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការដឹកនាំប្រទេសរបស់សម្តេចតេជោ។

ទន្ទឹមគ្នានោះ លោករដ្ឋមន្រ្តី វេង សាខុន បានលើកទឹកចិត្ត និងគាំទ្រដល់និស្សិតគ្រប់ៗរូប ត្រូវយកឱកាសដ៏មានតម្លៃនេះ ព្យាយាមសិក្សារៀនសូត្រ ដកស្រង់ ចែករំលែកបទពិសោធន៍ទាំងចំណេះជំនាញ ចំណេះដឹងទូទៅ អក្សរសាស្រ្ត ប្រពៃណី វប្បធម៌ ការគ្រប់គ្រងប្រទេស និងភាពជាអ្នកដឹកនាំ -ល- រួចនាំយកធាតុចូលដែលជាពុទ្ធិ និងបទពិសោធន៍ល្អៗទាំង នោះមកមាតុភូមិវិញដើម្បីចូលរួមថែរក្សា ការពារ កសាង និងអភិវឌ្ឍប្រទេសយើង ទាំងពេលបច្ចុប្បន្ន និងអនាគត៕