(ភ្នំពេញ)៖ កិច្ចប្រជុំសហព័ន្ធអតីតយុទ្ធជនអាស៊ាន ដែលរៀបចំធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានបិទបញ្ចប់ហើយ។ កិច្ចប្រជុំនេះត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ ខណៈប្រទេសសមាជិកសហព័ន្ធអតីតយុទ្ធជនអាស៊ាន បានឯកភាពគ្នាយកចិត្តទុកដាក់ទៅលើបញ្ហាសុខមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន នៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងពេលអញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជននៅថ្ងៃទី១០ ខែធ្នូ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់សហព័ន្ធអតីតយុទ្ធជនអាស៊ាន ដែលបានរួមគ្នាបំពេញការងារយ៉ាងសកម្មធ្វើឱ្យកិច្ចប្រជុំរបស់ហសព័ន្ធប្រព្រឹត្តទៅប្រកបដោយខ្លឹមសារ និងរបៀបវារៈស្របតាមគោលដៅជាអាទិភាពរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា សមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនអាស៊ាន នឹងបន្តកិច្ចសហការកាន់តែជិតស្និទ្ធក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីជម្នះរាល់បញ្ហាប្រឈមនានា ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដោយសារសង្គ្រាមសំដៅរួមចំណែក សម្រេចបានគោលដៅរបស់សហព័ន្ធអតីតយុទ្ធជនអាស៊ាន គឺសន្តិភាព វិបុលភាព និងភាពសុខដុមរមនាជាមួយនឹងការលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជនទាំងក្នុងតំបន់ និងនៅលើពិភពលោក។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា តាមរយៈសកម្មភាព និងលទ្ធផលនៃកិច្ចប្រជុំចំនួន០២ថ្ងៃកន្លងមកនេះ បានបង្ហាញថា សមាជិក
បណ្តាប្រទេសសហព័ន្ធទាំងអស់ មានការចូលរួមលះបង់ខ្ពស់ និងកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អ ស្របតាមទស្សនៈ បេសកកម្ម និងស្របតាមធម្មនុញ្ញសហព័ន្ធអតីតយុទ្ធជនអាស៊ាន។ ខ្លឹមសារលទ្ធផលនៃមមហាសន្និបាត នឹងជំរុញការបម្រើ និងបំពេញផលប្រយោជន៍ ដល់អតីតយុទ្ធជន នៃបណ្តាប្រទេសជាសមាជិកទាំង១០ ដោយឈរលើគោលការណ៍សន្តិភាព ស្ថេរភាព និងភាពសុខដុមរមនា ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។

តាមរយៈកិច្ចប្រជុំនេះ ប្រទេសនៅក្នុងតំបន់អាស៊ាន បានឯកភាពគ្នាយកចិត្តទុកដាក់ខ្លាំងជាងគេទៅលើបញ្ហាសុខមាលភាព និងជីវភាពរស់នៅ របស់អតីតយុទ្ធជន នៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីជួយផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដោយលើកយកការលើកស្ទួយ ចំពោះជីវភាព ការរៀបចំថែរក្សាទីតាំងប្រវត្តិសាស្ត្រសង្គ្រាមផងដែរ៕