(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបពិភាក្សាការងារជាមួយ លោក Saif Abdulla Muhammed Khalfan Alshamisi ឯកអគ្គរដ្ឋទូតប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រចាំកម្ពុជា និងលោក Mazin Al Lamki នាយកប្រតិបត្តិ នៃក្រុមហ៊ុនប្រេង Mubadala petroleum នៅឯការិយាល័យផ្ទាល់របស់លោក នៅរាជធានីភ្នំពេញ។

ជំនួបនេះ ជជែកពិភាក្សាដើម្បីស្វែងរកឱកាសវិនិយោគរបស់ក្រុមហ៊ុនប្រេង Mubadala petroleum លើវិស័យប្រេងនៅកម្ពុជា។

ជាការឆ្លើយតប ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាល បានស្វាគមន៍ និងចូលរួមផ្តល់ការគាំទ្រគ្រប់បែបយ៉ាង តាមដែលអាចធ្វើទៅបាន ថែមទាំងលើកទឹកចិត្តឲ្យក្រុមហ៊ុននេះ និងក្រុមហ៊ុននានានៅអារ៉ាប់រួម និងប្រទេសអារ៉ាប់ផ្សេងឲ្យមកវិនិយោគនៅកម្ពុជា។

គួរជម្រាបថា ក្រុមហ៊ុនប្រេងក្រុម Mubadala Petroleum គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការរុករក ផលិតប្រេង និងឧស្ម័នដែលធ្វើប្រតិបត្តិការទៅប្រទេសចំនួន១០ ដោយផ្តោតលើភូមិសាស្ត្រចម្បងនៅមជ្ឈឹមបូព៌ា អាហ្វ្រិកខាងជើង រុស្ស៉ី និងអាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន Mubadala Petroleum ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអាប៊ូដាប៊ី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១២ ជាមួយនឹងភាពជោគជ័យ នៃការវិនិយោគដែលមានស្រាប់របស់ Mubadala ក្នុងវិស័យប្រេង និងឧស្ម័ន៕