(សៀមរាប)៖ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០១៩នេះ គណៈប្រតិភូថ្នាក់ដឹកនាំស្ត្រី នៃក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ ដែលមានការចូលរួមពីលោក ស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីអមដំណើរជាច្រើនរូប បានអញ្ជើញធ្វើទស្សនកិច្ចសិក្សា នៅសាលាបាយ ដែលជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ទីតាំងសិប្បកម្មផលិត កំប្លោក សិប្បកម្មអង្គរ ARTISANS SILK FARM សហគមន៍ទេសចរណ៍កំពង់ភ្លុក និងគោលដៅទេសចរណ៍សំខាន់ៗ មួយចំនួនទៀត ក្នុងខេត្តសៀមរាប។

ដំណើរទស្សនកិច្ចនេះ រៀបចំដោយក្រសួងទេសចរណ៍ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពស្ត្រី ក្នុងវិស័យទេសចរណ៍ និងតួនាទីតម្លៃស្ត្រី ដែលបានចូលរួមអភិវឌ្ឍសង្គមជាតិ តាមរយៈជំនាញវិជ្ជាជីវៈ និងសកម្មភាពការងាររបស់ខ្លួន ជំរុញដល់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច កាន់តែត្រូវបានលើកកម្ពស់។

ដំណើរទស្សនកិច្ចនេះផងដែរ បានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ដែលមានការគាំទ្រយ៉ាងជិតស្និទ្ធពីក្រសួងកិច្ចការនារី ក្នុងភាពជាដៃគូដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់គុណភាព គុណតម្លៃ នៃស្នាដៃការងាររបស់ស្រ្ដី ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅកម្ពុជាឲ្យមានការរីកចម្រើនជាលំដាប់។

នេះក៏ជាជំហានមួយថ្មីទៀត នៃកិច្ចសហប្រតិបត្តិការរបស់ក្រសួងទាំងពីរ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល «ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដែលបានផ្តល់ឱកាសការងារដល់ស្រ្តី សម្ដៅពង្រឹងភាពជាម្ចាស់ រួមចំណែកបង្កើនសេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលសបញ្ជាក់ឲ្យឃើញថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម។

ឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃក្រសួងទាំងពីរ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនស្ត្រី សហគមន៍ទេសចរណ៍កំពង់ភ្លុក ដើម្បីលើកទឹកចិត្តពួកគាត់ និងផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងស្ត្រីជាថ្នាក់ដឹកនាំ និងស្ត្រីជាប្រជាសហគមន៍។ ជាងនេះទៅទៀតបាននាំនូវសេចក្តីនឹករលឹក ការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងអំណោយមួយចំនួន ជូនដល់បងប្អូនផងដែរ។

ជាលទ្ធផល នៃដំណើរទស្សនកិច្ចនេះ បានផ្តល់ផ្លែផ្កាយ៉ាងច្រើនជាប្រយោជន៍ដល់ការវិភាគលើគោលនយោបាយ និងផែនការយុទ្ធសាស្ត្រលើកកម្ពស់ សមភាពយេនឌ័រ ក្នុងវិស័យទាំងពីរ (កិច្ចការនារី និងទេសចរណ៍) សម្ដៅប្រែក្លាយបញ្ហាប្រឈមឲ្យទៅជាដំណោះស្រាយ និងពង្រឹងតួនាទីស្ត្រី ឲ្យកាន់ប្រសើរឡើងដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ កាត់បន្ថយភាពក្រីក្រ។

គួរបញ្ជាក់ថា វិស័យទេសចរណ៍ បានបង្កើតឱកាសការងារយ៉ាងច្រើនដល់ស្ត្រី។ បើតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក បានបង្ហាញថា អ្នកផ្តល់សេវាជាស្ត្រី អ្នកគ្រប់គ្រងអាជីវកម្មជាស្ត្រី នៅក្នុងវិស័យនេះមានច្រើនជាងបុរសបើធៀបនឹងវិស័យដទៃនៃចង្កោមសេដ្ឋកិច្ច ក្នុងអត្រាពី៦០-៧០% តាមបរិបទនៃប្រទេស និងតំបន់។

ដោយឡែកនៅកម្ពុជា ស្ត្រីដែលជាកម្លាំងពលកម្មក្នុងវិស័យនេះមានប្រមាណ៦០% ពង្រាយនៅគ្រប់សេវាកម្មក្នុងសកម្មភាពទេសចរណ៍។ ក្នុងន័យនេះ ស្រ្តីបានរួមចំណែកដ៏មានសក្តានុពល ក្នុងការផ្តល់សេវាប្រកបដោយគុណភាព សម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ ឲ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើង៕