(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ និងទ្រព្យសម្បត្តិមួយចំនួនទៀតរងការខូចខាត ក្នុងករណីអគ្គិភ័យឆេះ នៅចំណតរថយន្តអគារឈូកទិព្វ នៅវេលាម៉ោង៣៖២៥នាទីយប់ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីចំណតរថយន្តរបស់សណ្ឋាគារឈូកទិព្វជាន់ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍បាញ់ទឹក កុំឲ្យមានការឆាបឆេះរាលដាល ជាបន្តបន្ទាប់ទៀត។ មិនយូរប៉ុន្មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ស្រាប់តែប្រទះឃើញសពមនុស្សពីរនាក់ដេកឱបគ្នាស្លាប់ យ៉ាងអាណោចអាធ័ម។

សូមបញ្ជាក់ផងដែរថា អគ្គិភ័យដែលបានឆេះនេះ មានរថយន្តពន្លត់អគ្គីភ័យចំនួន១០គ្រឿង បានចេញមកជួយអន្តរាគមន៍បាញ់ទឹកអស់ជាច្រើនគ្រឿង ទើបអាចទប់ស្កាត់ការឆេះមិនឲ្យរាលដាលទៅកន្លែងផ្សេងទៀត។

សពរបស់ជនរងគ្រោះទាំងពីរ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយសមត្ថកិច្ចកំពុងតែធ្វើការសាកសួរ ដើម្បីស្វែងរកអត្តសញ្ញាណ និងទាក់ទងទៅក្រុមគ្រួសារ ឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកទំហំនៃការខូចខាត សមត្ថកិច្ចជំនាញនៅមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយនោះទេ រង់ចាំស្រាវជ្រាវលម្អិត៕