(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយអង្គការពិភពលោកធំៗ និងប្រទេសម្ចាស់ជំនួយមួយចំនួន បានរៀបចំការវាយតម្លៃលើសមត្ថភាព និងបទពិសោធន៍របស់អ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ តាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន (RPL) ស្របតាមស្តង់ដាគុណភាពជាតិ និងអាស៊ាន ក៏ដូចជាស្របតាមយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ»។

ការវាយតម្លៃនេះធ្វើឡើងចាប់ពីថ្ងៃទី០៩-១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ដែលជានៅមជ្ឍមណ្ឌលវាយតម្លៃសមត្ថភាពផ្នែកសេវាកម្មសណ្ឋាគារ។

ការវាយតម្លៃសមត្ថភាពខាងលើនេះ មាន៣ដំណាក់កាល រួមមាន៖ សំណួរផ្ទាល់មាត់ សំណួរសរសេរ និងការអនុវត្តផ្ទាល់ លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញការិយាល័យជួរមុខ និងជំនាញគេហកិច្ច (Housekeeping)។

សកម្មភាពវាយតម្លៃនេះមានការគាំទ្រ និងសង្កេតការពីអង្គការអន្តរជាតិធំមួយចំនួន រួមមាន៖ អង្គការអន្តរជាតិខាងការងារ (ILO) អង្គការសហប្រជាតិ (UN) ទីភ្នាក់ងារសម្រាប់ការសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស អង្គការ UNESCO អង្គការ UNIDO អង្គការ UNYAP ព្រមទាំងគណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ បានអញ្ជើញចុះមកពិនិត្យ និងដកស្រង់បទពិសោធន៍អំពីការវាយតម្លៃលើសមត្ថភាព និងបទពិសោធន៍របស់អ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ តាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន (RPL) ស្របតាមស្តង់ដារគុណភាពជាតិ និងអាស៊ាន។

លោក ទ្រី ឈីវ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ និងប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានលើកឡើងអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ក្រោមបរិបទនៃសមាហរណកម្មអាស៊ាន ដោយដាក់ចុះនូវផែនការវាយតម្លៃសម្ថភាពអ្នកដែលកំពុងបម្រើការនៅក្នុងវិស័យទេសចរណ៍ គឺជាគោលដៅយុទ្ធសាស្ត្រមួយ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកកំពុងបម្រើការងារមានជំនាញច្បាស់លាស់ជាក់លាក់ ហើយអាចអភិវឌ្ឍអាជីពរបស់ខ្លួនតាមវិថីអភិវឌ្ឍជំនាញទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចុះ ស្របទៅតាមផែនការយុទ្ធសាស្រ្តដែលបានចែងថា ត្រឹមឆ្នាំ២០២០ អ្នកដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ត្រូវមានវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈទទួលស្គាល់យ៉ាងតិច ៥០% ២០២៥ សម្រេចឲ្យបាននូវចក្ខុវិស័យ «បុគ្គលិកម្នាក់ ជំនាញមួយ» ពោលគឺអ្នកបម្រើការងារទាំងអស់ត្រូវមានវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈទទួលស្គាល់ និងត្រឹមឆ្នាំ២០៣០ សម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG4 «ការសិក្សាពេញមួយជីវិត» និង SDG8 «ការងារសមស្រប»។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាជាប្រទេសឈានមុខគេក្នុងអនុវត្តកម្មវិធីសិក្សាតាមស្តង់ដារអាស៊ាន ក្នុងនោះក្រសួងទេសចរណ៍ ដែលមានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ជាសេនាធិការបានពង្រឹងសមត្ថភាពសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រើប្រាស់កម្មវិធីសិក្សាស្តង់ដារអាស៊ានចំនួន ២០ បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានចំនួន ៣០រូប ហើយគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិប្រមាណជាង ៦០០នាក់។

បច្ចុប្បន្ន មានសិស្សដែលបញ្ចប់ការសិក្សាតាមស្តង់ដារអាស៊ាន ចេញពីសាលាបណ្តុះបណ្តាលខាងលើមានចំនួនជាង ៤,០០០នាក់។

ដោយឡែក ក្រសួងទេសចរណ៍កំពុងដាក់ចុះនូវអភិក្រមបណ្តុះបណ្តាលថ្មីៗផ្សេងទៀត ដូចជាកំពុងរៀបចំឲ្យមានការបណ្តុះបណ្តាលកម្រិតសញ្ញាបត្រមធ្យមសិក្សាវិជ្ជាជីវៈទេសចរណ៍ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយសិស្សសិក្សាក្នុងរយៈពេល៣ឆ្នាំ (ថ្នាក់ទី១០ ១១ និង១២) ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិវិទ្យាជីវទេសចរណ៍៕