(សៀមរាប)៖ គណៈប្រឹក្សាភិបាលនៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» គ្រោងនឹងចាប់អនុវត្តជំហានទី២នៃ «គម្រោងការងារសមរម្យសម្រាប់យុវជនក្នុងប្រទេសកម្ពុជា» រយៈពេល៤ឆ្នាំទៀត (២០២០-២០២៣) ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណជាង ៨លានដុល្លារ ដែលបានមកពីការរួមវិភាគទានរបស់រាជរដ្ឋាភិបាល ភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ទីភ្នាក់ងារចូលរួមរបស់អង្គការសហប្រជាជាតិ និងដៃគូឯកជននានាផងដែរ។

ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៥ គណៈប្រឹក្សាភិបាលនៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ ចូលរួមជាសហប្រធានដឹកនាំ និងសម្របសម្រួលដោយលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលធ្វើឡើងចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសោមាទេវីអង្គររីសត និងស្ប៉ា។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យមើលទៅលើលទ្ធផល ដែលសម្រេចបានរបស់កម្មវិធីនៅក្នុងជំហានទី១ ពិភាក្សា និងអនុម័តអំពីជំហានទី២ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ និងដាក់ឱ្យដំណើរការនៃជំហានទី២ ដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៣។

គួររំលឹកថា ជំហានទី១នៃគម្រោងរួមគ្នានេះ ត្រូវបានអនុវត្តក្នុងខែកញ្ញា ឆ្នាំ២០១៧ នឹងត្រូវបានបញ្ចប់ដោយជោគជ័យនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានរយៈពេល២ឆ្នំា ដោយចំណាយថវិកាសរុបចំនួន ៤,៤៧៨,០០០ដុល្លាអាមេរិក ក្រោមជំនួយគាំទ្រសប្បុរសធម៌ និងការចូលរួមជាយុទ្ធសាស្រ្តពីទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដោយមានសហការជាដៃគូជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

ជំហានទី១នេះ បានរួមចំណែកក្នុងការសម្រួលដល់ការចូលក្នុងទីផ្សារការងាររបស់យុវជន និងបានកាត់បន្ថយបញ្ហាវិសមភាព ជាពិសេសសម្រាប់ក្រុមដែលបាត់បង់ឱកាស និងងាយរងគ្រោះ និងធានាថាយុវនារី និងយុវជនមានសមត្ថភាពកាន់តែខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារបានកាន់តែល្អជាងមុន។

ជំហាទី២ ដែលគ្រោងនឹងចាប់អនុវត្តនៅក្នុងឆ្នាំ២០២០ គឺមានរយៈពេល៤ឆ្នាំ (២០២០-២០២៣) មានឈ្មោះថា «ការងារសមរម្យសម្រាប់យុវជនក្នុងប្រទេសកម្ពុជា» និងគ្រោងចំណាយទឹកប្រាក់ប្រមាណជាង ៨លានដុល្លារ ដែលបានមកពីការរួមវិភាគទានរបស់រាជរដ្ឋាភិបាល ភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ទីភ្នាក់ងារចូលរួមរបស់អង្គការសហប្រជាជាតិ និងដៃគូឯកជននានាផងដែរ។

ជំហានទី២នេះ ត្រូវបានគេរំពឹងទុកថានឹងបន្តរួមចំណែកផ្តល់ឱកាសដល់យុវជនទំាងបុរស និងស្ត្រីកាន់តែច្រើនទទួលបានការងារសមរម្យ និងប្រកបដោយផលិតភាព ដើម្បីសម្រេចបាននូវរបៀបវារៈអភិវឌ្ឍឆ្នាំ២០៣០ ជាពិសេសគោលដៅទី៨ «លើកកម្ពស់កំណើនសេដ្ឋកិច្ច ផលិតភាពការងារ និងការងារសមរម្យប្រកបដោយចីរភាព និងបរិយាប័ន សម្រាប់ជនគ្រប់រូប» ដែលស្របទៅនឹងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០-២០៥០ និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។

កិច្ចប្រជុំក៏បានអនុម័តទៅលើគោលការណ៍ប្រតិបត្តិនៃគណៈប្រឹក្សាភិបាល ក្រុមប្រឹក្សាយោបល់ គណៈកម្មការត្រួតពិនិត្យបច្ចេកទេស។ អនុម័ត និងដាក់ឱ្យដំណើរកម្មវិធីរួមគ្នាជំហានទី២ សម្រាប់រយៈពេល៤ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២០-២០២៣។

ជាផ្នែកមួយនៃកិច្ចប្រជុំនេះផងដែរ ក៏មានដំណើរទស្សនៈកិច្ចទៅគ្រឹះស្ថានសិក្សា និងវិស័យឯកជនមួយចំនួន ដែលបានសហការអនុវត្តគម្រោងរួមគ្នានេះ ដើម្បីជួបជាមួយយុវជនគោលដៅ និងអ្នកទទួលផលពីការអនុវត្តជំហានទី១ នៃគម្រោងរួមគ្នានេះ ដើម្បីសិក្សាស្វែងយល់ និងពិនិត្យជាក់ស្តែងទៅលើការអនុវត្តកម្មវិធី និងសកម្មភាពនៅក្រោមគម្រោងរួមគ្នានេះផងដែរ រួមមាន៖ មជ្ឈមណ្ឌលសិក្សាសម្រាប់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត(BEEP) និងជួបជាមួយនឹងសិស្សនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប (RPITSR) រោងចក្រ Pactics Cambodia Co.,Ltd សាលាសណ្ឋាគារ និងទេសចរណ៍ Paul Dubrule និងមជ្ឈមណ្ឌលជាតិយុវជន (National Youth Center)៕