(កំពត)៖ ខេត្តកំពតបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ស្ថិតនៅភាគខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជា គោលដៅថ្មីនេះ បានក្លាយជាកន្លែងសម្រាកកម្សាន្តរបស់ ភ្ញៀវជាតិ-អន្តរជាតិគ្រប់ប្រភេទ។

ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ ខេត្តកំពតនឹងមានរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្ត។

នៅមុខពិធីបុណ្យសមុទ្រមកដល់ អង្គភាពព័ត៌មាន Fresh News សូមបង្ហាញជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យបានស្គាល់បន្ថែមអំពីរមណីយដ្ឋានទេសចរណ៍មួយចំនួននៅក្នុងខេត្តនេះ ក្នុងនោះរួមមាន៖

* ឧទ្យានដងព្រែក៖ មានទីតាំងស្ថិតនៅភូមិបត់ក្បាលដំរី ឃុំស្នំប្រាំពីរ មានចម្ងាយប្រមាណ ៨គីឡូម៉ែត្រ ពីក្រុងកំពត។ រមណីយដ្ឋាននេះស្ថិតនៅជាប់ដងព្រែកកំពង់បាយ ដែលពោរពេញដោយធម្មជាតិ និងអាកាសធាតុស្រស់ស្រាយ។ លោកអ្នកអាចជិះខ្សែរ៉កឆ្លងព្រែក ជិះទូកកាយ៉ាក់ ជិះទូទាទឹក និងពិសាអាហារឆ្ងាញ់ៗនៅទីនោះ។

* រមណីយដ្ឋានដូងទេរ៖ មានទីតាំងស្ថិតនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីស្ពានថ្មីក្រុងកំពត។ រមណីយដ្ឋាននេះស្ថិតនៅជាប់ដងព្រែកកំពង់បាយ ដែលពោរពេញដោយធម្មជាតិ និងអាកាសធាតុស្រស់ស្រាយ។ លោកអ្នកអាចងូតទឹកលេងកម្សាន្ត ជិះទូកកាយ៉ាក់ ជិះទូកទាទឹក ក្ដាររអិល និងមានអាហារឆ្ងាញ់ៗជាច្រើនមុខទៀត។

* សហគមន៍ទេសចរណ៍ត្រពាំងសង្កែ៖ មានទីតាំងស្ថិតនៅភូមិ កំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ មានចម្ងាយ ៧គីឡូម៉ែត្រ ពីក្រុងកំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣៣ ពីខេត្តកំពតទៅខេត្តកែប។ សហគមន៍នេះជាសហគមន៍បែបធម្មជាតិ ដែលជាកន្លែងអភិរក្សដើមកោងកាងដ៏ធំមួយក្នុងខេត្តកំពត។ នៅក្នុងសហគមន៍មានបម្រើសេវាកម្មដូចជាសេវាកម្មស្នាក់នៅ ម្ហូបអាហារបែបសហគមន៍ ជិះកាណូតមើលព្រៃកោងកាង និងមានលក់ដើមកោងកាងសម្រាប់ឱ្យភ្ញៀវដាំទុកជាអនុស្សាវរីយ៍ផងដែរ។

កន្លែងជិះទូកកម្សាន្តនៅតាមព្រែកកំពង់បាយ មានទីតាំងស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។ លោកអ្នកអាចរីករាយជាមួយខ្យល់អាកាសបរិសុទ្ធ កម្សាន្តជាមួយទេសភាព មើលថ្ងៃលិច មើលអំពិលអំពែក និងពិសាអាហារឆ្ងាញ់ៗនៅទីនោះ។

ផ្សារសាមគ្គីទីរួមខេត្តកំពត មានទីតាំងស្ថិតនៅសង្កាត់កំពង់បាយ ដែលមានលក់គ្រឿងសមុទ្រស្រស់ៗ រួមមាន៖ បង្គា មឹក ក្ដាមថ្ម ក្ដាមសេះ និងត្រីសមុទ្រជាច្រើនប្រភេទទៀត។

ក្រៅពីនោះ លោកអ្នកអាចចូលម៉ាស្សាបានផងដែរ ដែលមានបម្រើសេវាកម្មម៉ាស្សាបែបខ្មែរបុរាណ ម៉ាស្សាប្រេង ម៉ាស្សាខ្លួន ម៉ាស្សាជើង ម៉ាស្សាក្បាល និងមានអាងទឹកក្ដៅ-ត្រជាក់ ស្ទីម សូណាជាដើម។

សូមរីករាយជាមួយដំណើរកម្សាន្តនៅខេត្តកំពត!