(បាត់ដំបង)៖ អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប អះអាងថា ព្រឹត្តិការណ៍ប្រណាំង២ថ្ងៃលើទឹកដីបាត់ដំបង ទទួលបានជោគជ័យកាន់តែខ្លាំងលើសការរំពឹងទុក ខណៈកីឡាករ-ការិនីទាំងជាតិ និងអន្តរជាតិយល់កាន់តែច្បាស់ពីលក្ខន្តិកៈនៃការប្រណាំង។

តំណាងក្រុមហ៊ុន KARA លោក វង់ គីម ហួត ទទួលបន្ទុកផ្នែកបច្ចេកទេស និងអ្នកសម្របសម្រួលក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៤ ដែលប្រសិទ្ធនាមថា TOTAL CUP RACE បានបញ្ជាក់ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រណាំង នាល្ងាចថ្ងៃអាទិត្យទី៨ ខែធ្នូ ឆ្នាំ២០១៩ ថា ព្រឹត្តិការណ៍ប្រណាំងដែលដំណើររយៈពេល២ថ្ងៃ នៅទីលានអាកាសយានដ្ឋានវាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង គឺបានបញ្ចប់ដោយភាពជោគជ័យកាន់តែខ្លាំងជាង៣លើកកន្លងមក ខណៈលើកទី៤នេះ កីឡាករ-ការិនីចូលរួមប្រណាំង និងក្រុមជាងបច្ចេកទេសយល់កាន់តែច្បាស់ អំពីលក្ខន្តិកៈបច្ចេកទេសនៃការប្រកួត ពិសេសការចូលរួមសហការពីអាជ្ញាធរបានយ៉ាងល្អប្រសើ និងអ្នកទស្សនាចូលរួមគាំទ្រច្រើនកុះករ ដែលជាការចូលរួមលើកទឹកចិត្តអ្នកប្រណាំង។

លោកបញ្ជាក់ទៀតថា ថ្វីដ្បិតពេលនេះ អត្តពលិកកីឡាករ-ការិនីប្រណាំងម៉ូតូកម្ពុជា មិនទាន់ប្រជែងដណ្តើមបានលទ្ធផលល្អក្នុងវិញ្ញាសាប្រណាំងកម្រិតជំនាញខ្ពស់ ដែលមានកីឡាករបរទេសចូលរួមជាមួយក្តី ប៉ុន្តែកម្រិតសមត្ថភាពនៃការប្រកួតប្រជែង គឺមានការអភិវឌ្ឍរីកចម្រើនខ្លាំងជាងឆ្នាំមុនៗ ពោលការប្រកួតប្រជែងមានភាពតានតឹងខ្លាំងមុន និងកីឡាករបរទេសទទួលបានជោគជ័យ។

ជាមួយគ្នានោះ លោកក្នុងនាមក្រុមហ៊ុន KARA បានអំពាវនាឱ្យបណ្តាក្រុមហ៊ុនពាក់ព័ន្ធ និងវិស័យកីឡាយានយន្ត សូមចូលរួមគាំទ្រឧបត្ថម្ភដល់កីឡាករ-ការិនីនៅក្នុងស្រុក ដើម្បីឱ្យកីឡាករកម្ពុជាមានសក្តានុពលដូចកីឡាករមកពីបណ្តាប្រទេសជិតខាង និងក្នុងតំបន់។

លោកបានថ្លែងអំណរគុនដល់ក្រុមហ៊ុន TOTAL ដែលជាអ្នកឧបត្ថម្ភគាំទ្រធំ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងបណ្តាក្រុមមួយចំនួនទៀត ដែលបានជំរុញឱ្យព្រឹត្តិការណ៍ប្រណាំងនេះបញ្ចប់ទៅដោយភាពជោគជ័យ។

កីឡាករម៉ាឡេស៊ី មហាម៉េតហ្វីទ្រី អាស្រាហ្វប៉ីនរ៉េស ដែលចូលរួមប្រណាំងបានលើកឡើងថា «នេះជាលើកទី១របស់ខ្ញុំមកប្រណាំងនៅកម្ពុជា ហើយខ្ញុំមើលឃើញថា ការរៀបចំព្រឹត្តិការណ៍ប្រណាំងរបស់កម្ពុជានេះពិតជាល្អ ប្រកបដោយស្តង់ដាអន្តរជាតិដូចប្រទេសម៉ាឡេស៊ីដែរ»។

លោកអះអាងថា ថ្វីដ្បិតតែពេលនេះ កីឡាករកម្ពុជាមិនទាន់ប្រជែងជាមួយកីឡាករបរទេសទទួលបានលទ្ធផលល្អក្តី តែលោកសង្ឈឹមថា ជំហានបន្តបន្ទាប់ទៀតកីឡាករកម្ពុជានឹងរីកចម្រើន។

ដោយឡែក កីឡាករកម្ពុជា ខុម ប៊ុនហាប់ បានបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលគេបានចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងកម្រិតអន្តរជាតិ រៀបចំដោយក្រុមហ៊ុន KARA ហើយ គេរំពឹងជឿជាក់ថា ការប្រជែងជាមួយកីឡាករបរទេស និងផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់ខ្លួន ដើម្បីពង្រឹងសមត្ថភាពឈានទៅដណ្តើមជោគជ័យ ក្នុងការប្រណាំងនៅក្រៅស្រុកនៅពេលខាងមុខ។

ព្រឹត្តិការណ៍ប្រកួតប្រណាំងម៉ូតូលើវាលរាបលើកទី៤ ដែលប្រសិទ្ធនាមថា TOTAL CUP RACE នេះ មិនត្រឹមតែជួយលើកម្ពស់អភិវឌ្ឍវិស័យប្រណាំងម៉ូតូនៅកម្ពុជាឱ្យរីកចម្រើនប៉ុណ្ណោះនោះទេ ពោលព្រឹត្តិការណ៍នេះ ក៏បានបង្កើតការអប់រំផ្សព្វផ្សាយដល់អ្នកចូលទស្សនាអំពីច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការផ្តល់ឱកាសឱ្យយុវជន-យុវនារី និងប្រជាពលរដ្ឋ ចូលរួមឆ្លើយសំណួរឈ្នះរង្វាន់មួកសុវត្ថិភាពជុំវិញច្បាប់ចរាចរណ៍ ដែលអ្នកបើកបរនៅតាមដងផ្លូវត្រូវដឹង និងចូលរួមគោរពផងដែរ។

សូមបញ្ជាក់ថា ការប្រណាំងម៉ូតូលើវាលរាប ឬ KARA Cup Race បង្កើតឡើងដំបូងនៅឆ្នាំ២០១៦ ធ្វើនៅកោះពេជ្ររាជធានីភ្នំពេញលើកទី១ លើកទី២ នៅព្រលានយន្ដហោះបាត់ដំបង ឆ្នាំ២០១៧ លើកទី៣នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ និងលើកទី៤ ធ្វើនៅអាកាសយានដ្ឋានខេត្តបាត់ដំបង៕