(ភ្នំពេញ)៖ ក្នុងខណៈជួបពិភាក្សាការងារជាមួយលោកស្រី ការមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបំភ្លឺថា ទាំងអតីតកាល និងបច្ចុប្បន្នកាល រាជរដ្ឋាភិបាលកម្ពុជាកម្ពុជា តែងតែចាត់ទុក យុវជន និងស្ត្រី ជាឆ្អឹងខ្នងសេដ្ឋកិច្ច និងសង្គមដែលមិនអាចខ្វះបាន ព្រោះពីមួយអាណត្តិ ទៅមួយអាណត្តិ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសដល់ស្តី្រ និងយុវជនដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈនៃការផ្តល់តួនាទីចាប់តាំងពី ស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ រហូតដល់ថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ លោកស្រី ការមែន ម៉ូរ៉េណូ (Carmen Moreno) បានចាប់អារម្មណ៍បន្ថែមថា យុវជន និងស្ត្រីវ័យក្មេង ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង បើទោះជាស្ត្រី និងយុវជនខ្លះ មិនហ៊ានចូលប្រឡូកក្នុងនយោបាយក៏ដោយ តែយើងឃើញថា កម្ពុជាបានលើកកម្ពស់តួនាទី សិទ្ធិ ដល់ក្រុមទាំងអស់នេះ ដើម្បីមានលទ្ធភាពចូលរួមអភិវឌ្ឍន៍សង្គម យ៉ាងស្រាក់សស្រាំ បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់សហភាពអឺរ៉ុប គឺមានសន្ទុះល្អប្រសើរ។
តែទោះជាយ៉ាងណា លោកស្រី ការមែន ម៉ូរ៉េណូ (Carmen Moreno) បានសុំឲ្យឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងនាមស្ត្រីដូចគ្នាជួយជំរុញ និងបង្កើនការលើកទឹកចិត្ត ដល់ស្ត្រីវ័យក្មេង និងយុវជនឲ្យបានចូលរួម ក្នុងវិស័យនយោបាយឲ្យកាន់ច្រើនឡើងថែមទៀត។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានដាក់ក្តីសង្ឃឹមថា បេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា និងជួយជំរុញទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេរភាគី ឲ្យកាន់តែមានផ្លែផ្កា ប្រកបដោយសារៈសំខាន់ខ្លាំងឡើងថែមទៀត។ លោកស្រីបន្តថា ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបមានប្រវត្តិយូរគួរសម អស់ជាង២ទសវត្សមកហើយ ហើយភាគីទាំងពីរមានទំនាក់ទំនងពាណិជ្ជកម្មជាច្រើន ជាមួយគ្នា។
លើសពីនេះ សហភាពអឺរ៉ុបបានជួយកម្ពុជាជាច្រើន ជាពិសេសលើស្តារប្រទេសជាតិ និងការងារកំណែទម្រង់នានា។ សហភាពអឺរ៉ុបជាទីផ្សារដ៏ធំជាងគេ របស់កម្ពុជា ជាពិសេសសម្លៀកបំពាក់នាំចេញ ហើយកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគុណបំណាច់របស់សហភាពអឺរ៉ុប ដែលបានជួយឧបត្ថម្ភដល់កម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ក្នុងដំណាក់កាលដែលកម្ពុជាត្រូវការជំនួយដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេស។
ជំនួយ និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងសហភាពអឺរ៉ុបជាកត្តាជំរុញល្បឿន នៃការស្តារ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា ឲ្យសម្រេចបានជោគជ័យ និងបានជួយលើកកម្ពស់ជីវវភាព របស់ប្រជាជនកាន់តែប្រសើរឡើងជាលំដាប់។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានសម្ដែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមួយនេះ ដែលធ្លាប់តែបែកបាក់ដោយសង្គ្រាម មកជាប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍ ហើយលោកស្រីបានទទួលស្គាល់ថា សន្តិភាពពិតជាមានតំលៃណាស់ បើគ្មានសន្តិភាព គឺមិនអាចមានអ្វីៗ ដូចសព្វថ្ងៃ ហើយយុវជន និងស្ត្រីវ័យក្មេង ក៏មិនអាចមានឱកាសមកដល់ពេលនេះបានឡើយ។
ចុងបញ្ចប់ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានប្រាប់ឲ្យឯកអគ្គរដ្ឋទូតបន្តការស្វែងយល់ពីស្ថានភាពពិតនៅកម្ពុជា ដែលកំពុងរក្សាបានស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូល ហើយកំពុងធានាបាននូវកំណើនសេដ្ឋកិច្ច៧% ជារៀងរាល់ឆ្នាំ និងនាំមកនូវការអភិវឌ្ឍរីកចម្រើន ជាបន្តបន្ទាប់របស់កម្ពុជា ដែលផ្ទុយពីការបំពងសម្លេងពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយនោះ៕