(ស្ទឹងត្រែង)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដឹកនាំដោយលោកគឹម ប្រុស ប្រធានសាខា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញនៅទីប្រជុំជនផ្លូវបំបែកអូរពងមាន់ ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយរកឃើញ ផលិតផល ៤មុខ ហួសកាលបរិច្ឆេទ ព្រមទាំងដកហូតដុតកម្ទេចចោល។

លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញ នៅទីប្រជុំជនផ្លូវបំបែកអូរពងមាន់ ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខាងលើ រួចមកក្រុមការងារបានផ្តោតលើទំនិញវេចខ្ចប់ស្រាប់ កំប៉ុង ដប នឹងចំណីអាហារដទៃផ្សេងៗទៀត ជាលទ្ធផល ក្រុមការងារដកហូតទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ នឹងខូចគុណភាព មួយចំនួនរួមមាន៖

*នំកញ្ចប់ចំរុះចំនួន 62កញ្ចប់
*ទឹកក្រូចbigចំនួន3ដប
*រ៉តឌីចំនួន17កញ្ចប់
*ទឹកដោះគោក្មេងចំនួន6ប្រអប់។ សរុបទាំងអស់ចំនួន 22kgs បានធ្វើកំណត់ហេតុ ដកហូតទុកដុតកម្ទេចចោលផងដែរ។

ជាមួយគ្នានេះដែរ លោកប្រធានសាខាក៏បានអំពាវនាវ ដល់អាជីវករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានម៉តចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕