(កណ្ដាល)៖ នគរបាលស្រុកលើកដែក បានចុះបង្ក្រាបទីតាំងលេងល្បែងជល់មាន់មួយកន្លែង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចចំការស្វាយក្រោយភូមិ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ អ្នកញៀនល្បែងជាច្រើននាក់ បានរត់គេចខ្លួនទាំងអស់ បន្សល់តែវុត្ថតាង។

វត្ថុតាងបន្សល់ទុករួមមាន៖ មាន់ជល់០១ក្បាល, ម៉ូតូ០២គ្រឿង ម៉ាក EXCITER G P ពណ៌ទឹកប៊ុច០១គ្រឿង គ្មានស្លាកលេខ និងម៉ាក SYM ពណ៌ស គ្មានស្លាកលេខ០១គ្រឿង និងស្កុតរុំជើងមាន់រួចចំនួន១១ដុំ ក្រៅពីនេះ ពុំបានចាប់យកអ្វីទៀតឡើយ។

មន្ត្រីនគរបាល បានឲ្យដឹងថា នៅថ្ងៃកើតហេតុនេះកម្លាំងជំនាញនគរបាលយុត្តិធម៌ បានទទួលព័ត៌មានពីប្រជាពលថា មានការលែងល្បែងស៊ីសងប្រភេទជល់មាន់។ បន្ទាប់ពីទទួលបានដំណឹងភ្លាម ផ្នែកជំនាញបានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ បានចុះដល់ទីតាំងជល់មាន់ នៅក្រោយភូមិក្រោមដើមស្វាយ នៅភូមិក្បាលជ្រោយ។

មន្ត្រីនគរបាលដដែល បានបន្ថែមទៀតថា ពេលកម្លាំងមកដល់ ក៏បានឃើញគេកំពុងលែងជល់មាន់។ ពេលនោះ អ្នកលេងមាន់ក្រឡេកឃើញកម្លាំងភ្លាម ក៏នាំគ្នារត់ទៅកើតគេចបាត់អស់តែម្តង។ ករណីនេះ វត្ថុតាងខាងលើ កម្លាំងបានធ្វើការចាប់យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីស្រាវជ្រាវរកម្ចាស់មកធ្វើការអប់រំ៕