(ព្រះវិហារ)៖ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានដឹកនាំក្រុមការងារសមាគម ចុះផ្ដល់សម្ភារសិក្សាមួយចំនួន ជូនសិស្សសាលាបឋមសិក្សា «អូរជុញ» ស្ថិតនៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសផ្ដល់អគារសិក្សា១ខ្នង ក្រោយមានកូនសិស្សរៀនក្រោមដើមឈើ។

ថ្លែងក្នុងពិធី ចុះផ្តល់សម្ភារសិក្សា ជូនសិស្សសាលាបឋមសិក្សា «អូរជុញ» នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ប្រធានសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា បានឲ្យដឹងថា ក្រុមការងារ មានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានមកជួបលោកគ្រូ-អ្នកគ្រូ ជាពិសេសក្មួយៗសិស្សានុសិស្សទាំង៤៤៧នាក់ នូវស្នាមញញឹមប្រកបដោយក្តីរីករាយ និងភាតរភាព។

លោក មែ ស៊ីថុន បានបញ្ជាក់ថា នេះជាលើកទីមួយ ដែលសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ដែលបានមកដល់ខេត្តព្រះវិហារ ដែលជាទឹកដីដ៍ពិសិដ្ឋរបស់កម្ពុជា។ ហើយសង្ឃឹមថា នឹងមានលើកទីពីរ លើកទីបី និងជាបន្តបន្ទាប់ទៀតជាក់ជាមិនខាន។

លោក មែ ស៊ីថុន បានឲ្យដឹងទៀតថា ការចុះផ្តល់សម្ភារសិក្សានេះ ដើម្បីជាលើកទឹកចិត្ត ឬផ្តល់កម្លាំងចិត្តឲ្យខិតខំសិក្សារៀនសូត្រ ឲ្យក្លាយជាកូនល្អ ជាសិស្សពូកែ ជាបញ្ញវន្តឆ្នើម និងជាបុគ្គលប្រកបដោយ គតិបណ្ឌិតរបស់សង្គមជាតិ ក្រោមប្រធានបទ «រួមគ្នាចែករំលែកសេចក្តីស្រលាញ់ដល់សង្គម»

ជាមួយគ្នានោះ ប្រធានសមាគមរូបនេះ ក៏សូមសម្តែងនូវក្តីរីករាយ និងចូលរួមត្រេកអរ ដែលក្មួយៗនឹងទទួលបានអគារសិក្សាថ្មី បន្ទប់សិក្សាល្អ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នូវអគារ១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ រួមជាមួយនិងអគារទីចាត់ការមួយ និងក្លោងទ្វាររបងផងដែរ។

សូមបញ្ជាក់ថា សមាគមអតីតសិស្ស-និសិ្សតនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាល ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ថ្វីត្បិតតែសមាគមនេះ ទើបតែបង្កើតក៏ពិតម៉ែន ប៉ុន្តែក្រុមអតីតសិស្សនិស្សិត ដែលជាសមាជិកស្នូលក្នុងសមាគមនេះ បានចូលរួមកម្មវិធីមនុស្សធម៌ផ្សេងៗ ប្រមូលផ្តុំយុវជនគំរូ ផ្តួចផ្តើមគំនិត និងគៀងគរធនធាន សម្រាប់ចូលរួមសកម្មភាពសង្គម ក្នុងគោលដៅរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាន តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ៕