(ភ្នំពេញ)៖ ជាទូទៅបុគ្គលម្នាក់ៗត្រូវបានធានាចំពោះសិទ្ធិ សេរីភាពពេញលេញ ដោយច្បាប់រ៉ាប់រង​មិនឱ្យមានការបំពាន ឬដកហូតដោយបង្ខំ ឬដោយខុសច្បាប់ណាមួយឡើយ ។

ច្បាប់ការពារជីវិត កិត្ដិយស និងសេចក្ដីថ្លៃថ្នូរបស់ប្រជា​ពលរដ្ឋ រាល់ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនបុគ្គលណាមួយនឹងអាចអនុវត្ដទៅកើត លុះត្រាណាតែអនុវត្ដ​ត្រឹ​មត្រូវតាម​ច្បាប់ ។ ហេតុដូចនេះ តើការធានារបស់ច្បាប់ចំពោះជនដែលត្រូវបានចាប់ខ្លួន ឬឃាត់ខ្លួន មានសិទ្ធិអ្វីខ្លះនោះ?

នៅក្នុងសប្ដាហ៍នេះ ក្រុមមេធាវី​កម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សហការជាមួយ អង្គភាពព័ត៌មាន FRESH NEWS សូមលើកយកប្រធានបទស្ដីពី «សិទ្ធិរបស់ជនល្មើស និងជនសង្ស័យ​នៅពេល​ឃាត់ខ្លួន» មកធ្វើការ​ចែ​ករំលែក​ជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖

យោងតាមច្បាប់កម្ពុជា ជនណា​ក៏ដោយដែលត្រូវបាន​មន្ត្រីនគរបាលយុត្ដិធម៌ ចាប់ខ្លួន ឬឃាត់ខ្លួន មានសិទ្ធិមួយចំនួន​ដើម្បីការពារខ្លួន ដែលសិទ្ធិទាំងនោះ​ជាសិទ្ធិសំខាន់ និងមិនត្រូវបានបំពាន ឬដក​ហូត​បាន​នោះឡើយ ។ នៅពេលជនល្មើសត្រូវបានចាប់ខ្លួន ឬជនសង្ស័យត្រូវបា​ន​មន្រ្ដីនគរបាល​យុត្ដិធម៌ធ្វើការឃាត់ខ្លួន ជនល្មើស និងជនសង្ស័យនោះ មានសិទ្ធិមួយចំនួនដូចជា៖

១. សិទ្ធិដឹងពីមូលហេតុចាប់ ឬឃា​ត់ខ្លួន៖ នៅពេល​ឃាត់ខ្លួនបុគ្គលណាម្នាក់ មន្ត្រីនគរបាល​យុត្ដិធម៌ត្រូវ​ឱ្យដំណឹងជាបន្ទាន់​ចំពោះ​សេចក្ដីសម្រចរ​បស់ខ្លួន ប្រាប់ឱ្យដឹង​ពីមូលហេតុ​នៃ​សេចក្ដី​សម្រេច​ឃា​ត់​ខ្លួន សិទ្ធិមានជំនួយមេធាវី និងសិទ្ធិមានអ្នកបកប្រែ ជាអាទិ៍ ។

២. សិទ្ធិមានជំនួយមេធាវី៖ ក្រោយពេលចាប់ខ្លួន ឬឃាត់​ខ្លួន រយៈពេល ២៤ ម៉ោង កន្លងផុតទៅគិតចាប់ពី​ពេលផ្ដើមចាប់ខ្លួន ឬឃាត់ខ្លួន ជនសង្ស័យ​មានសិទ្ធិ​ជួបសន្ទនា​ជាមួយ​មេធាវី ឬជន​ណា​ម្នាក់ដែ​ល​ខ្លួនជ្រើសរើស កុំឱ្យតែ​​ជ​ននោះមានពាក់​ព័ន្ធនឹងរឿងជាមួយ ។ ក្នុងករណីនេះ មេធាវី ឬជន​ដែលបាន​ចូលជួប​សន្ទនានោះ អាចទទួលបាន​ការជូនដំ​ណឹងតាមគ្រប់មធ្យោបាយ និងជាបន្ទាន់ ហើយ​មាន​​សិទ្ធិចូល​នៅកាន់ទីកន្លែងឃាត់ខ្លួន ដើម្បីទាក់ទងសន្ទនាជាមួយបុគ្គលសាម៉ីខ្លួនបាន ៣០ នាទី ក្នុងលក្ខខណ្ឌធានាការសម្ងាត់នៃការសន្ទនា ។

៣. សិទ្ធិមិនត្រូវបានឃាត់ខ្លួនហួសរយៈពេលកំណត់៖ ជនណាម្នាក់មិនត្រូវបានឃាត់ខ្លួនហួសរយៈពេលដែលបានកំណត់ដោយច្បាប់ដោយគ្មានចំណាត់ការនីតិវិធីចោទប្រកាន់ណាមួយឡើយ ដោយនៅក្នុងនោះចំពោះនីតិជន (ជនដែលមានអាយុ១៨ ឆ្នាំឡើងទៅ) មិនអាចត្រូវបានឃាត់ខ្លួនលើសពី ៤៨ ម៉ោង អាចពន្យាបាន ២៤ ម៉ោង ។ ចំពោះអនីតិជនដែលមានអាយុ ១៤ ទៅ១៦ ឆ្នាំ ចំពោះបទឧក្រិដ្ឋមិនត្រូវហួសរយៈពេល ៣៦ ម៉ោង ចំពោះបទជ្ឈឹម មិនត្រូវលើស ២៤ ម៉ោង ឬឯអនីតិជនដែលមានអាយុ ១៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំវិញ នៅក្នុងករណីបទឧក្រិដ្ឋមិនឱ្យលើស ៤៨ ម៉ោង និងករណីបទមជ្ឈឹម មិនឱ្យលើសពី ៣៦ ម៉ោងឡើយ ។

៤. សិទ្ធិមានជំនួយពីគ្រូពេទ្យ៖ ព្រះរាជអាជ្ញា ឬមន្ត្រីនគរបាល​យុត្ដិធម៌ មានសិទ្ធិសុំឱ្យគ្រូពេទ្យមកពិនិត្យ​ជន​ដែលត្រូវបានឃាត់ខ្លួនបានគ្រប់ពេលវេលា ។ គ្រូពេទ្យ​ផ្ទៀង​ផ្ទាត់មើ​លថាតើ​ស្ថាន​ភា​ព​សុខភាព​របស់ជនដែលត្រូវបានឃាត់ខ្លួននោះ សមស្របនឹងការឃាត់ខ្លួនដែរ ឬទេ ។ ប្រសិន​បើគ្រូពេទ្យ​ពិនិត្យ​ឃើញថា ស្ថានភាពសុខភាពរបស់បុគ្គលនោះពុំសមស្របនឹងការឃាត់ខ្លួននោះទេ មន្រ្ដីនគរបាល​យុត្ដិធម៌​ត្រូវ​ជូនដំ​ណឹងជាបន្ទាន់​ដល់ព្រះរាជអាជ្ញា ហើយ​ព្រះរាជអាជ្ញាអា​ចចុះ​មក​ទីកន្លែង​នោះដោ​យ​ផ្ទាល់ដើម្បីត្រួ​តពិនិត្យ​ពីលក្ខខណ្ឌ​នៃការឃាត់ខ្លួន ។

៥. អនីតិជនដែលត្រូវ​បាន​ឃាត់ខ្លួន៖ កាលណាជនដែលត្រូវបានឃាត់ខ្លួនជាអនីតិជន មន្ត្រីនគរបាលយុត្ដិធម៌ត្រូវជូនដំណឹងគ្រប់មធ្យោបាយ ដល់ឪពុកម្ដាយ ដល់អ្នកតំណាងស្របច្បាប់ ឬដល់​អ្នកទ​ទួល​ភារកិច្ចលើអនីតិជននោះ ។

៦. សិទ្ធិរក្សាភាពស្ងៀម​ស្ងាត់៖ ជនដែលត្រូវបានឃាត់ខ្លួនមានសិទ្ធិរក្សាភាពស្ងៀមស្ងាត់ មិនឆ្លើយនូវសំណួររបស់មន្ត្រីនគរបាលយុត្ដិធម៌បាន រហូតចាំដល់មានជំនួយពីមេធាវី ហើយ​គ្មាន​នណាម្នា​ក់​អា​ចបង្ខំឱ្យឆ្លើយបានឡើយ។

៧. សិទ្ធិមិនឆ្លើយសារភាព៖ ជន​ដែលត្រូវបានចាប់ខ្លួន ឬឃាត់ខ្លួនមិនត្រូវឆ្លើយអ្វីដែលខ្លួនមិនបានប្រព្រឹត្ដនោះទេ ឬអាចឆ្លើយ ឬមិនឆ្លើយសារភាពរហូតដល់មានមេធាវីការពារសិទ្ធិ ដោយគ្មាន​នរណា​ម្នាក់​អាចបង្ខំឱ្យុសារភាពថាបានប្រព្រឹត្ដបទល្មើសណាមួយដោយការគំរាមកំហែង ការវាយដំ ធ្វើទារុណកម្ម ណាមួយនោះឡើយ ។ រាល់ការសារភាពដែលកើតចេញពីការបង្ខំតាមផ្លូវកាយក្ដី ផ្លូវចិត្ដក្ដី ការគំរាមកំហែង ការវាយដំ ធ្វើទារុណកម្ម មិនត្រូវចាត់ទុកជាភស្ដុតាងនៃពិរុទ្ធភាពទេ ។

៨. សិទ្ធិត្រូវបាននាំខ្លួនទៅ​តុលាការ៖ ក្រោយការឃាត់ខ្លួន ជនល្មើស និងជនសង្ស័យ ត្រូវតែមានការចោទប្រកាន់ ឬទទួលបានការបញ្ជូនទៅតុលាការឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។ ហើយ​តុលា​ការត្រូវធ្វើការពិនិត្យពីនិយ័តភាពនៃនីតិវិធីរបស់មន្រ្ដីនគរបាលយុត្ដិធម៌ក្នុងការចាប់ខ្លួន ឬឃាត់ខ្លួននោះ បានធ្វើឡើងត្រឹមត្រូវតាមច្បាប់ដែរឬទេ? និងសម្រេចចំណាត់ការនីតិវិធីឱ្យបានឆាប់រហ័យ និងធានាដល់សិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្ដិធម៌ចំពោះជនជាប់ចោទនោះផងដែរ។

៩. សិទ្ធិប្ដឹងនឹងការបដិសេធផ្សេងៗរបស់​មន្រ្ដីនគរបាលយុត្ដិធម៌៖ ប្រសិនបើសិទ្ធិណាមួយដែលច្បាប់បានធានាចំពោះជនល្មើស ឬជនសង្ស័យនៅពេលឃាត់ខ្លួនត្រូវបានបំពាន ឬបដិសេធ​ដោយមន្រ្ដី​នគរបា​លយុត្ដិធម៌ ជននោះអាចប្ដឹង​អំ​ពីការបំពាន ឬតវ៉ានឹងការបដិសេធនោះដោយផ្ទាល់ ឬតាមរយៈមេធាវីរបស់ខ្លួន ទៅដល់ស្ថាប័នអយ្យការ ឬចៅក្រមស៊ើបសួរ ឬក៏តុលាកា​រ​ដែល​មាន​សមត្ថ​កិច្ច​បាន។

សរុបមកនូវរាល់ការចាប់ខ្លួន ឬឃាត់ខ្លួនចំពោះជនល្មើស ឬជនសង្ស័យ មន្រ្ដីនគរបាលយុត្ដិធម៌ និងព្រះរាជអាជ្ញា​ត្រូវគោ​រពនូវសិ​ទ្ធិជាមូលដ្ឋាន​សំខាន់​ខាងលើនេះ ហើយបើមា​នការបំ​ពាន​ណាមួយ ជនល្មើស ឬជនសង្ស័យ អាចធ្វើការ​ប្ដឹងត​វ៉ាបាន​គ្រប់ពេលវេលាផង​ដែរ។

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក រ៉ាត់ ចាន់ធី ជំនួយការផ្នែកច្បាប់នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕