(ស្ទឹងត្រែង)៖ រថយន្តសាំយ៉ុង១គ្រឿង លួចដឹកឈើខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំសហការជាមួយកម្លាំងជំនាញ ចុះបង្ក្រាបបានភ្លាមៗ ទាំងមនុស្ស និងវត្ថុតាង។ រថយន្ត និងអ្នកបើកបរត្រូវបានចាប់ឃាត់ពេលកំពុងលួចដឹកជញ្ជូនឈើខុសច្បាប់ នៅលើកំណាត់ផ្លូវជាតិលេខ៧ មុខចំការចេក ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។

តាមការឱ្យដឹងពីលោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានឲ្យដឹងថា រថយន្តពណ៌សរ គ្មានផ្លាកលេខដឹកឈើខាងលើ ចេញពីស្រុកសៀមប៉ាង គោលដៅទៅខេត្ត។ ក្រោយពីដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាបភ្លាមៗ ដល់គោលដៅខាងលើ ទើបឈានដល់បង្ក្រាបបាន ទាំងមនុស្សម្នាក់ រថយន្ត និងឈើសុគ្រំ។

លោក ហេង ណាន មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកបុរីអូរស្វាយ បានឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ មានរថយន្តដឹកឈើខុសច្បាប់ទៅខេត្តភ្លាមកម្លាំងរបស់លោក សហការជាមួយជំនាញ ឈានដល់ការចុះបង្ក្រាបទាន់ពេលវេលា ដោយមានការសម្របសម្រួលបញ្ជាផ្ទាល់ ពីលោកអភិបាលស្រុក។

មេបញ្ជាការកងរាជអាវុធហត្ថស្រុកបុរីអូរស្វាយរូបនេះ បានបន្ដទៀតថា រីឯរថយន្ត និងឈើចំនួន១៧ដុំ ប្រភេទសុគ្រំ និងអ្នកបើកបរខាងលើ ត្រូវបាននាំយកមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕