(សៀមរាប)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត គឺជាដែកឆក់ថ្មីនៃផលិតផលទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិរាប់ម៉ឺននាក់ក្នុងពេលតែមួយ។

លោកបញ្ជាក់បែបនេះ នៅក្នុងពិធីជប់លៀងអបអរសាទរទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ នៅប្រាសាទបាយ័ន កាលពីល្ងាចមិញ ស្របពេលព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំដ៏ធំនេះ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យស្អែកនេះ ដោយមានអ្នកចូលរួមជាង ១២,០០០នាក់ ។ លោកថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ពិតជានាំមកនូវកាលានុវឌ្ឍភាពថ្មីៗសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គម ដោយកម្ពុជាកំពុងតែបន្ដរស់នៅក្នុងសុខសន្ដិភាព ស្ថេរភាពនយោបាយ និងសំបូរសប្បាយពេញផ្ទៃប្រទេស ។

លោករដ្ឋមន្ដ្រីបានថ្លែងថា «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បានក្លាយជាដែកឆក់ថ្មី នៃផលិតផលទេសចរណ៍ច្នៃបង្កើតថ្មីមួយដ៏មានសារៈសំខាន់ រួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិរ៉ាប់ម៉ឺននាក់ក្នុងរយៈពេលតែមួយ។ ក្រសួងទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ បានខិតខំប្រឹងប្រែងការធ្វើពិពិតកម្មផលិតផលទេសចរណ៍ឲ្យកាន់តែមានភាពទាក់ទាញថ្មីៗ ប្លែកៗបន្ថែមទៀត ដើម្បីសម្រេចគោលដៅកំណើនទេសចរអន្ដរជាតិដល់ ៧លាននាក់ក្នុងឆ្នាំ២០២០»

បន្ថែមលើនេះ លោកបណ្ឌិត ថោង ខុន ក៏បានបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់ប្រណាំង នៅមុខអង្គរវត្តស្អែកនេះ គឺមានកំណើនអ្នកចូលរួមច្រើន រហូតដល់ ១២,១៧៥នាក់ ដែលមកពី ៨៥ប្រទេសលើពិភពលោក ដោយកើតឡើងប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៨ ក្នុងនោះអ្នករត់ ២១គីឡូម៉ែត្រមានចំនួន ៣,០៧៩នាក់, អ្នករត់ ១០គីឡូម៉ែត្រមានចំនួន ៥,០២៩នាក់, អ្នករត់ ៥គីឡូម៉ែត្រមានចំនួន ១,៨០៤នាក់ និងអ្នករត់ ៣គីឡូម៉ែត្រមានចំនួន ២,២៦៣នាក់ ។ ចំពោះជនបរទេសចូលរួមច្រើនជាងគេ មានអង់គ្លេសឈរលេខ១, ជប៉ុនឈរលេខ២, អាមេរិកឈរលេខ៣, អូស្ដ្រាលីឈរលេខ៤ និងបារាំង ឈរលេខ៥៕