(ភ្នំពេញ)៖ ក្នុងកំឡុងពេល កំពុងមើលថែទាំមាតា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, នៅថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ លោកយាយ ម៉ោង ទឹម អាយុ ១០១ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ជាតំណាង ដែលមានការអមដំណើរជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខដោយផ្ទាល់ និងចែកអំណោយមនុស្សធម៌ ជូនដល់អ្នកជំងឺដែលមកសម្រាកព្យាបាល ប្រមាណចំនួន ១,១២៣នាក់ នៅតាមផ្នែកនីមួយៗក្នុងមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី ក៏បានប្រគល់អំណោយលើកទឹកចិត្ត ដល់គ្រូពេទ្យ បុគ្គលិក និងកម្មករ ចំនួន១,៦១៧នាក់ ដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យផងដែរ។

ជាមួយគ្នានោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងការថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំថែទាំ ព្យាបាលជំងឺ ដោយយកចិត្តទុកដាក់ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ធ្វើឱ្យប្រជាពលរដ្ឋទទួលស្គាល់ និងជឿទុកចិត្ត ស័ក្តិសមជាមន្ទីរពេទ្យរបស់រាជរដ្ឋាភិបាល ដែលរួមចំណែកលើកកម្ពស់វិស័យសុខាភិ បាលឱ្យកាន់តែប្រសើរឡើង។

លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី ក៏បានថ្លែងការកោតសរសើរចំពោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដែលមានយុទ្ធសាស្ត្ររស់រវើកក្នុងការដឹកនាំ-គ្រប់គ្រង ធ្វើឱ្យមន្ទីរពេទ្យមួយនេះមានដំណើរការបានយ៉ាងល្អ ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ជូនប្រជាពលរដ្ឋ ជាពិសេស ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។

ជាមួយគ្នានេះ លោកស្រីកិត្តិបណ្ឌិត បានពាំនាំនូវការផ្តាំសួរសុខទុក្ខ និងសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺទាំងអស់ ឱ្យគិតគូរថែរក្សាសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបរិភោគអាហារូបត្ថម្ភ ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព ព្រមទាំងជូនពរដល់អ្នកជំងឺទាំងអស់ ឆាប់ជាសះស្បើយពីជំងឺ បានវិលទៅជួបជុំគ្រួសារឡើងវិញ។ សម្រាប់ស្ដ្រីមានផ្ទៃពោះ និងសម្រាលកូន សូមឱ្យមានសុខភាពល្អបរិបូរណ៌ ទាំងម្ដាយនិងកូន។

ព្រមជាមួយគ្នានោះ លោក ស្រេង ច័ន្ទថុនា ដែលយកភរិយាមកសម្រាលបុត្រ នៅមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងទាំងក្ដីរំភើបសប្បាយរីករាយថា «គ្រួសារខ្ញុំ រួមទាំងបងប្អូនយើងទាំងអស់ ដែលមកសម្រាកព្យាបាលជំងឺ គឺសប្បាយចិត្ដណាស់ ដែលទទួលបានការយកចិត្ដទុក្ខ ពីលោកពុកអ្នកម្ដាយ (សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន) ដោយបានចាត់ឱ្យមន្ដ្រីតំណាង មកចុះសួរសុខទុក្ខ និងនាំមកជាមួយនឹងអំណោយជាសម្ភារ និងថវិកាជូនកូនចៅទាំងអស់គ្នា, កូនចៅពិតជារំភើបចិត្ដ និងសូមគោរពថ្លែងអំណរគុណ ដល់លោកឪពុក អ្នកម្ដាយ មានសុខភាពល្អបរិបូរណ៌ អាយុយ៉ឺនយូរ ដើម្បីជាម្លប់នៃកូនចៅទូទាំងប្រទេស»។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធាន, សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយទីកន្លែងណា មានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា ។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាស កាកបាទក្រហមកម្ពុជា ចុះសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺ និងស្ដ្រីមានផ្ទៃពោះ-សម្រាលកូន នៅមន្ទីរពេទ្យកាល់ម៉ែត បាននាំយកមកនូវសម្ភារក្នុងម្នាក់ៗទទួលបានមី១កេស ត្រីខ១០កំប៉ុង ស្ករស២គីឡូក្រាម ទឹកដោះគោប្រអប់ ១២ប្រអប់ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា៥០,០០០រៀល។ ដោយឡែកបុគ្គលិកពេទ្យ-កម្មករ ១,៦១៧នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ក្រមា១ និងថវិកា ១០០,០០០រៀល៕