(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នឹងចាក់បញ្ចាំងស្លាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ SEA Games 2019 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង U22 គោព្រៃកម្ពុជា និង U22 នាគមាសវៀតណាម លើកទី៣០ នៅប្រទេសហ្វីលីពីន នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងពហុកីឡដ្ឋានអូឡាំពិក ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមទស្សនា ជាការលើកទឹកចិត្តដល់ក្រុមកីឡាករកម្ពុជារបស់យើង។ នេះជាការបញ្ជាក់របស់លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ។

ដូច្នេះប្រជាពលរដ្ឋខ្មែរ ជាពិសេសក្រុមយុវជនទាំងអស់សូមចូលរួមគាំទ្រទាំងអស់គ្នា នាវេលាម៉ោង៧យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យច្រើនកុះករ។

សូមបញ្ជាក់ថា ការប្រកួតដ៏កម្រនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ក៏ដូចជា អ្នកគាំទ្រវៀតណាម ដ្បិតនេះគឺជាលើកដំបូង ដែលក្រុមទាំងពីរបានជួបគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ កម្ពុជា និងវៀតណាម ធ្លាប់ជួបគ្នា ៣លើកមកហើយ ក្នុងវគ្គជម្រុះតាមពូល នៃព្រឹត្តិការណ៍នេះ ដោយកម្ពុជាបានបរាជ័យទាំង ៣ប្រកួត ពោលគឺឆ្នាំ១៩៩៥ ចាញ់ ៤-០, ឆ្នាំ២០០៩ ចាញ់៦-១ និងឆ្នាំ២០១៧ ចាញ់ ៤-១៕