(បន្ទាយមានជ័យ)៖ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ចំនួន១,២៣៣រូប នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានសូមចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភី និងមាតាបិតាអាណាព្យាបាល ចំពោះការបញ្ចប់ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សារបស់កូនៗ ដែលនេះគឺជាមោទនភាពរបស់គ្រួសារ បន្ទាប់ពីលោកបានចិញ្ចឹមបីបាច់ថែរក្សាស្រឡាញ់ទុកដូចគ្រាប់ពេជ្រតាំងពីតូចមក និងសូមអបអរសាទរផងដែរ។

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ, ការទ្រទ្រង់និរន្តរភាព នៃកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង របស់កម្ពុជាទាំងក្នុងពេលបច្ចុប្បន្នចំពោះមុខ និងទៅអនាគត គឺអាស្រ័យលើការអភិវឌ្ឍធនធានមនុស្ស ជាកត្តាអាទិភាពចាំបាច់ ដែលត្រូវយកចិត្តទុកដាក់បន្ត កែទម្រង់ទៅមុខ។

លោកអះអាងថា ដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពជំនាញ សម្រាប់បម្រើសង្គមជាតិ និងទីផ្សារការងារ ពីព្រោះសេដ្ឋកិច្ច ដែលដំណើរការបានល្អ គឺសេដ្ឋកិច្ចដែលមានការបណ្តុះបណ្តាល, ការប្រើប្រាស់ និងការគ្រប់គ្រងនូវមូលធនបញ្ញាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ ហើយតែងតែបានខិតខំដោះស្រាយរាល់បញ្ហា និងសំណូមពរទាំងឡាយ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា បង្កើតធនធានមនុស្ស និងមូលធនបញ្ញាប្រកបដោយគុណភាព សមត្ថភាព ស្របតាមនិន្នាការរីកចម្រើន និងបទដ្ឋានអប់រំ នៅក្នុងតំបន់ និងពិភពលោក។

បើតាមលោក ហ៊ុន ម៉ាណែត នៅក្នុងការវាយតម្លៃលើកម្រិត នៃវិស័យអប់រំ យើងអាចប្រើប្រាស់ការវាស់វែងជាច្រើន ជាពិសេសតាមរយៈការពិនិត្យលើគុណភាព ធនធានមនុស្ស ហើយគុណភាពធនធានមនុស្សនេះ អាចឆ្លុះបញ្ចាំងតាមរយៈសមត្ថភាព និងលទ្ធផលការងាររបស់ប្រជាពលរដ្ឋយើង។ ជាក់ស្តែង ទោះបីយើង ធ្លាប់ទទួលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ធ្វើឲ្យអតីតកាលរបស់យើងជួបប្រទះនូវភាពអន់ថយ ប៉ុន្តែបច្ចុប្បន្ននេះ យើងមានការរីកចម្រើនលឿន ជាពិសេសកំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាប់ឯកត្តកម្មក្នុងចំណោមប្រទេសទាំង១០ លើពិភពលោក។

ភាពជោគជ័យនេះ កើតឡើងដោយសារទស្សនៈ, សមត្ថភាព និងស្នាដៃការងាររបស់កូនខ្មែរ ទាំងនៅក្នុងជួររាជរដ្ឋាភិបាល, មុខងារសាធារណៈ, វិស័យឯកជន និងសង្គមស៊ីវិល។ ទាំងនេះ ជាសក្ខីភាពពិតជាក់ស្តែង នៃកម្រិតគុណភាព នៃវិស័យអប់រំរបស់យើង ជាមោទនភាពនៃធនធានមនុស្សខ្មែរ ដែលបណ្តុះបណ្តាល ដោយប្រព័ន្ធអប់រំខ្មែរ និងដោយមានការចូលរួមជួយមួយផ្នែកផងដែរ ពីសំណាក់ប្រទេសជាដៃគូមួយចំនួន។

ថ្នាលនៃធនធានមនុស្សនេះ ក៏ត្រូវបានបំពេញបន្ថែមដោយការអប់រំផ្នែកពុទ្ធចក្រ ធ្វើឲ្យមានធនធានមនុស្សក្នុងមួយឆ្នាំៗ ដែលចូលរួមបម្រើសង្គមជាតិ កាន់តែប្រកបដោយគុណភាព មានសមត្ថភាពចំណេះដឹង សមត្ថភាពគុណធម៌ និងសមត្ថភាពសីលធ៌ម។ ខ្មែរទាំងអស់រួបរួមគ្នា នឹងធ្វើឲ្យប្រទេសកាន់តែមានការរីកចម្រើន។

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា បរិយាកាសគ្របដណ្តប់ថ្មី នៅក្នុងការងារកែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាល គឺដើម្បីបង្កើតនូវក្តីសង្ឃឹម និងកាលានុវត្តភាពថ្មី សម្រាប់ប្រជាជនកម្ពុជា ជាពិសេសស្រទាប់យុវជន ដែលជាកម្លាំងបន្តវេននៅក្នុងការដ្ឋាននៃការកសាង និងអភិវឌ្ឍន៍កម្ពុជា ក៏ដូចជានៅក្នុងក្របខ័ណ្ឌ នៃការធ្វើសមាហរណកម្មទៅក្នុងសហគមន៍អាស៊ាន ២០១៥ ហើយក៏កំពុងបន្តជាមួយ នឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ សំដៅធ្វើយ៉ាងណាឲ្យនិស្សិត ដែលបានបញ្ចប់ការសិក្សាអាចនឹងមានចំណេះដឹង ស្របតាមស្តង់ដារមួយសមស្រប ព្រមទាំងអាចប្រកួតប្រជែងនៅលើទីផ្សារ ការងារក្នុងតំបន់ និងលើសាកលលោក និងអាចក្លាយជាកម្លាំងស្នូលសម្រាប់ជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕