(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាល់ពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោមអធិបតីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ពិធីនេះ ក៏មានការចូលរួមពី លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៥។

គួរជម្រាបថា ការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ SOCCER LEGUE លើកទី៥ ឆ្នាំ២០១៩នេះ ធ្វើឡើងក្នុងគោលបំណង បំផុសចលនាសាមគ្គីភាព ចំណងមិត្តភាពរបស់យុវជននៅទូទាំងប្រទេស ជាពិសេសដើម្បីបង្កើតធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងរឹងមាំ ដើម្បីជាថ្នាលឆ្ពោះទៅកាន់ស៊ីហ្គេមនា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ពានរង្វាន់ SOCCER LEAGUE រៀបចំឡើងបានចំនួន ០៤លើករួចមកហើយ គិតចាប់ពីឆ្នាំ២០១២មកម្លេះ ហើយឆ្នាំ២០១៩នេះ គឺជាការរៀបចំលើកទី៥ផងដែរ។ ថ្វីត្បិតពានរង្វាន់ SOCCER LEAGUE មិនមែនជាពានរង្វាន់អាជីប តែការរៀបចំរបស់គណៈកម្មការ គឺសមស្របទៅតាមលក្ខណៈបច្ចេកទេសនៃការប្រកួត អាចទទួលយកបាន។

នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ដទៀតថា លក្ខណៈពិសេសឆ្នាំនេះ ឃើញថាសន្ទុះនៃការចូលរួមដាក់ពាក្យប្រកួតមានការកើនឡើង ដល់ទៅ៧២ក្រុម ឯណោះ រីឯសមត្ថភាពរបស់កីឡាករ លេងបានល្អច្រើន នេះបង្ហាញឲ្យឃើញថា ពានរង្វាន់ SOCCER LEAGUE ទទួលបានការគាំទ្រច្រើនពីសំណាក់ បណ្តាលក្លឹប សមាគមគ្រឹះស្ថានឧបត្ថមសិក្សា ទូទាំងរាជធានីខេត្ត។

សូមបញ្ជាក់ថា ចំពោះជ័យលាភីលេខ១ឆ្នាំនេះ ទទួលបានពាន១, មេដាយមាសចំនួន២៥ និងថវិកា២០លានរៀល, ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ចំនួន២៥ និងថវិកា១០លានរៀល, ជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ ចំនួន២៥ និងថវិកា០៥លានរៀល, Fair Play ទទួលបានពាន១ និងថវិកាលើកទឹកចិត្តចំនួន ២លានរៀល, អាជ្ញាកណ្ដាលល្អជាងគេ ទទួលមេដាយ១ និងថវិកាលើកទឹកចិត្ត ចំនួន១លានរៀល, កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ទទួលបានស្បែកជើងមាស១ ថវិកាលើកទឹកចិត្តចំនួន ១លានរៀល, អ្នកចាំទីល្អជាងគេ ទទួលបានស្រោមដៃមាស១ ថវិកាលើកទឹកចិត្តចំនួន១លានរៀល និងគ្រូដឹកនាំល្អជាងគេទទួលបានពាន១ និងថវិកាលើកទឹកចិត្តចំនួន ១លានរៀល៕