(កំពង់ចាម)៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព និងអគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ប្រជាពលរដ្ឋឱ្យចាត់ទុកមន្ទីរពេទ្យជារបស់យើងទាំងអស់គ្នា និងឆាប់មករកសេវាមន្ទីរពេទ្យ នៅពេលដែលមានជំងឺផ្សេងៗ។

អភិបាលខេត្តកំពង់ចាម បន្តថា រាជរដ្ឋាភិបាលបានកំណត់យកវិស័យសុខាភិបាល ជាវិស័យអាទិភាពក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក្នុងនោះបានធ្វើការកំណែទម្រង់ប្រព័នសខាភិបាល សំដៅពង្រឹងគុណ ភាពសេវា ពង្រីកតំបន់គ្របដណ្តប់នៅគ្រប់មូលដ្ឋាន ពិសេសនៅទីជនបទដាច់ស្រយាលដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់សេវាសុខភាពបានគ្រប់ៗគ្នា។

លោកបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងភ្លឺស្វាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនោះវិស័យសុខាភិបាល ក៏ត្រូវបានរីកចម្រើនឥតឈប់ឈរ ការកសាងអាគារនានា គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការពង្រឹង និងពង្រីកគុណភាពសេវា រួមទាំងការផ្តល់ប្រាក់លើកទឹកចិត្តដល់មន្ត្រីសុខាភិបាល ដោយឡែក ការងារគាំពារសង្គមកិបានត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនជាស្ត្រីកម្មករ និយោជិត និងកុមារនៅទូទាំងប្រទេសផងដែរ។

ទន្ទឹមនឹងនោះដែរលោក អ៊ុន ចាន់ដា បានស្នើដល់លោកតា លោកយាយ មាមីង បងប្អូនកូនក្មួយទាំងអស់ ត្រូវចាត់ទុកថា មន្ទីរពេទ្យនេះជារបស់យើង ទាំងអស់គ្នា ពោលគឺត្រូវចូលរួមចំណែក ថែរក្សាការពារ និងផ្តល់មតិកែលម្អ ពិសេស គឺត្រូវចូលរួមប្រើប្រាស់សេវាសុខភាព ឲ្យបានគ្រប់ៗគ្នា ដោយមិនត្រូវរើសអើង និងមិនត្រូវប្រកាន់បក្ខពួក ឬពូជសាសន៍ឡើយ។

លោកអភិបាលខេត្ត ក៏បានជំរុញឲ្យមន្ត្រីរាជការសុខាភិបាល បម្រើការងារនៅតាមបណ្តាមូលដ្ឋានសុខាភិបាលទូទាំងខេត្ត ត្រូវចេះសាមគ្គីភាពគ្នាឲ្យបានល្អ ពង្រឹង ស្មារតីទទួលខុសត្រូវឲ្យបានច្បាស់លាស់ ក្នុងការអនុវត្តភារកិច្ចរៀងៗខ្លួន ឲ្យបានល្អប្រសើរ ចំណុចសំខាន់បំផុតត្រូវចៀសវាងគឺ ធ្វើយ៉ាងណាកុំឲ្យមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព បិទទ្វារគ្មានពេទ្យប្រចាំការ៕